ផ្ទៃមេឃថ្មី​ (The New Sky)

ផ្ទៃមេឃថ្មី
The New Sky

សូរសំឡេងផូងផាំង និងសម្រែកឡូឡាដ៏ខ្លាំងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដែលអូសបន្លាយពេលយ៉ាងយូទម្រាំតែថម ថយឥទ្ធិពលស្ងប់ស្ងាត់បន្តិចម្តងៗទៅវិញ ហើយលែងមានឮសូរអ្វីទៅទៀតដែលធ្វើឱ្យទិដ្ឋភាពនាកណ្តាលរាត្រីត្រឡប់ទៅជា ស្ងាត់ឮសូរតែសំឡេងយានជំនិះមួយនៅចេញចូលក្នុងភូមិទៅវិញទៅមក។
អរុណោទ័យកំពុងចូលខ្លួនមកបំភ្លឺភពផែនដី ដែលជាសញ្ញានៃការចាប់ផ្តើមការងារផ្សេៗរបស់ប្រជាជនទាំងប្រុសស្រី រីឯកុមារាកុមារី យុវជន ក៏ត្រៀមរៀបចំខ្លួនដើម្បីទៅសាលារៀនផងដែរ។
ព្រឹកនេះស្រីម៉ុចមានតែមីឆុងហូបជាមួយបាយកក តែក៏ប្រសើរជាងពេលខ្លះ ដែលនាងត្រូវហូបបាយកកជាមួយ នឹងឆៃប៉ូវដែរ។ នាងកំពុងតែរៀបចំដាក់សៀវភៅសិក្សាចូលក្នុងសម្ពៀត ហើយធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅសាលារៀន នាងជាសិស្សរៀននៅថ្នាក់ទីប្រាំមួយ មានតែនាងទេដែលរៀនដល់ថ្នាក់នេះ ចំណែកបងប្រុសរបស់នាងវិញបានត្រឹមតែថ្នាក់ទី ៤ ឬទី៥ តែប៉ុណ្ណោះ នាងជាកូនពៅនៅក្នុងគ្រួសារ។ គ្រាន់តែចូលអង្គុយនៅក្នុងថ្នាក់ភ្លាមមិនទាន់បានប៉ុន្មានាទីផងលោកគ្រូ ក៏បានអញ្ជើញមកដល់ រីឯសិស្សទាំងអស់នៅក្នុងថ្នាក់បានក្រោកឈរឡើងដើម្បីធ្វើគារវកិច្ច និងស្វាគមន៍ដល់លោកគ្រូ។ លោកគ្រូ បានអនុញ្ញាតឱ្យសិស្សទាំងអស់អង្គុយចុះហើយចាប់ផ្តើមហៅវត្តមានរបស់សិស្ស នៅពេលដែលលោកគ្រូហៅដល់ ឈ្មោះរបស់ ស្រីម៉ុច លោកគ្រូក៏ឆ្លៀតពេលសួរស្រីម៉ុចថា ៖
-ម្សិលម៉ិញហេតុអ្វីក៏មិនបានមករៀន?
ស្រីម៉ុចបានធ្វើការជម្រាបទៅកាន់លោកគ្រូវិញថា ៖
-ចាស៎! លោកគ្រូម្សិលម៉ិញ នាងខ្ញុំឈឺពោះមិនអាចមករៀនបាន ប៉ុន្តែឥលូវបានធូរស្រាលហើយ សូមលោកគ្រូអភ័យ ទោសផងពីព្រោះខ្ញុំមិនបានសុំច្បាប់ដោយសារអ្នកផ្ទះរបស់ខ្ញុំសុទ្ធតែរវល់។
-មិនអីទេ អ៊ីចឹងអង្គុយចុះ ទៅ!
បន្ទាប់ពីចប់ថ្នាក់ហើយស្រីម៉ុចក៏ប្រញាប់រូតរះត្រលប់ទៅផ្ទះព្រោះនាងឃ្លានបាយណាស់។ នាងមិនដែលមានលុយ ទិញចំណីហូបឯសាលានោះទេ រីឯលោកគ្រូក៏មិនបានយកប្រាក់គួរពីនាងផងដែរ។ ត្រឡប់មកដល់ផ្ទះភ្លាមនាងបានទៅបើកឆ្នាំង បាយមើល តែគ្មានបាយសល់ឡើយនាងក៏ចាប់ផ្តើមដាក់ដាំបាយ ចំណែកឯម្ហូបគឺម្តាយនាងទិញមកពីផ្សារពេលដែលត្រឡប់មក ពីលក់ម្ជូរវិញ។ ចំណែកឯបងប្រុសបន្ទាប់របស់នាងធ្វើការជាកូនជាងសំណង់ឱ្យគេ ហើយបងប្រុសច្បងរបស់នាងបានរៀបការ រួចហើយក៏ទៅនៅខាងប្រពន្ធប៉ុន្តែជីវភាពរបស់បងប្រុសបង្អស់របស់នាងក៏មិនសូវ​ជាស្រួលប៉ុន្មានដែរ។ ព្រោះពេលខ្លះបងច្បង របស់នាងក៏មកខ្ចីលុយខ្លះពីម្តាយ ដើម្បីទៅដោះស្រាយជីវភាពព្រោះការធ្វើស្រែចំការមិនសូវជាបានទទួលផលល្អ។
ឪពុករបស់នាងជាអ្នកធាក់ស៊ីក្លូ ហើយជួនកាលគាត់ឈប់ធាក់ស៊ីក្លូ ទៅរត់ម៉ូតូ រួចក៏ដូរពីរត់ម៉ូតូមកធាក់ស៊ីក្លូវិញ ក៏មានដែរ។ ចំណូលដែលបានពីឪពុករបស់នាងមិនដែលបានប្រើសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ ពីព្រោះគាត់ ចំណាយតែ លើស្រារបស់គាត់តែប៉ុណ្ណោះ ហើយជួនកាលរករឿងឈ្លោះជាមួយម្តាយរបស់នាងថែមទៀតផង ពេលខ្លះស្រួល ពេលខ្លះពិបាក មិនដែលបានធូរស្រាលឡើយ។
នៅពេលដែលនាងកំពុងតែលើកឆ្នាំងបាយចុះពីលើចង្ក្រាន់ ហើយរៀបចំដាក់ទឹកឡើងដាំភ្លាមនោះឪពុករបស់នាងក៏ បានចូលមកដល់ហើយក៏ស្រែកសួរនាងថា ៖
-អើ! មីខ្មុច បាយឆ្អិនឬនៅ ហើយថ្ងៃនេះមានស្អីស៊ីបាយ?
-ចាស៎! ពុកបាយឆ្អិនហើយ តែមិនទាន់មានម្ហូបសម្រាប់ហូបបាយទេ ព្រោះម៉ែមិនទាន់មកទេ។
-អញសង្ស័យដល់ហើយថ្មើរនេះហើយនៅមិនទាន់មកទៀត លក់អីក៏លក់ម៉្លេះមិនគិតយកម្ហូបមកឱ្យអញស៊ីទេអី! អត់មិនបានឥលូវហើយអញ ចាំមើលឱ្យតែមកដល់។
ស្រាប់តែរំពេចនោះម្តាយរបស់ស្រីម៉ុច បានចូលមកដល់ ហើយបានឮសម្តីរបស់ប្តីខ្លួន ដែលនិយាយចុងក្រោយហើយ ក៏សួរបញ្ជាក់ទៅប្តីៈ
-ឯងចង់និយាយថាម៉េច? ឯងអត់មិនបានរឿងស្អី? បានជាមកឡូឡាដូចជាក្តៅក្រហាយយ៉ាងនេះ។ ចាំតែអង្គុយរអ៊ូ និងបន្ទោសរករឿងមិនចេះចប់។ បើឯងគ្រាន់បើ ឯងមកពីធាក់ស៊ីក្លូទិញម្ហូបមកឱ្យហើយទៅ! មិនបាច់មកចាំខ្ញុំទិញមកឱ្យស៊ីទេ ក្រែងឯងរកលុយបានច្រើនណាស់អីម្ងៃៗ។
-អើអញគ្រាន់បើអ៊ីចឹងអញមិនបាច់ស៊ីបាយផ្ទះក៏បានដែរ បាយផ្សារវាឆ្ងាញ់ជាងបាយផ្ទះផង។
-អើទៅស៊ីទៅគ្មានអាណាឃាត់ទេទៅ អញទ្រាំលែងបានហើយទៅស្លាប់តែម្តង់ទៅក៏បានដែរ។
-ចាំមើលអញរកលុយបាន អញមិនឱ្យអាណាទាំងអស់អញស៊ីចាយតែខ្លួនអញបានហើយ។
-អើអញមិនបាច់មើលទេទៅព្រោះអញមិនដែលបានលុយឯងមកធ្វើថ្នាំបានម្តងផង ឱ្យប្រាំពាន់ទារវិញម៉ាម៉ឺនអ៊ីចឹង អីនោះ មិនបាចយកក៏បានដែលទោ ទៅឱ្យបាត់ទៅកុំឱ្យអញក្តៅក្រហាយជាងនេះ។
-អញទៅក៏បានដែរ អញមិនខ្ចីស៊ីបាយង៉ែងទេ។
-ទៅ! ទៅ ឱ្យឆ្ងាយទៅ
និយាយរួចឪពុករបសស្រី់ម៉ុចក៏ឡើងធាក់ស៊ីក្លូចេញទៅក្រៅបាត់ទៅជាមួយនឹងមាត់ដែល​នៅតែរអ៊ូរង៉ូវៗ រហូតទាល់ តែចេញផុតបាត់ទៅ។ រីឯស្រីម៉ុចដែលធុញថប់នឹងការឈ្លោះប្រកែក​របស់ម្តាយ និងឪពុកនាង នាងក៏យកម្ហូបទៅរៀបចំដាក់ ចាន ហើយរៀបចំបាយឱ្យម្តាយរបស់​ខ្លួនពិសា និងអាលប្រញាប់ទៅលក់ដូរទៀត។
ក្រោយពេលបាយរួចនាងបានប្រាប់ម្តាយនាងថាៈ
-ម៉ែ! អង្ករនៅក្នុងធុងដាក់ដាំបាយអស់ហើយ ល្ងាចនេះយើងគ្មានស្អីដាំបាយទេ។
-ហ៊ឺ! អង្ករទើបតែទិញម្ងៃនោះសោះឥលូវអស់រលីងទៀតហើយ! អង្ករឥលូវវាឡើងថ្លៃទៀតហ្នឹងណា ល្ងាចនេះ កូនឯងទៅលក់ជាមួយម៉ែ ទើបរកលុយមកទិញអង្ករស៊ីបាន បើមិនអ៊ីចឹងទេរកលុយមិនបានទិញអង្ករស៊ីទេ ព្រោះឪឯងមិន ដែលគិតទេឥលូវវាគិតតែពីផឹកមិនដូចមុនសោះ តាំងពីស្គាល់គេស្គាល់ឯងចេះតែតាមគេមិនបាច់រំពឹងលុយវាទេ ឥលូវមិនដឹងវា ទៅងាប់ឯណាទេ អញមិនចង់និយាយទេតែនឹកឃើញម្តងៗ អញចេះតែទ្រាំមិនបាន។
-ចាស់! ម៉ែល្ងាចនេះ ខ្ញុំនឹងទៅជាមួយម៉ែ។
តាមពិតទៅនេះមិនមែនជាលើទីមួយទេដែល ស្រីម៉ុចទៅលក់ជាមួយម្តាយនាពេលសម្រាកពីការសិក្សា ហើយជួន កាលនាងត្រូវខានទៅរៀនទៀតផងក៏មានដែរ។ ល្ងាចនេះគ្រួសាររបស់នាងមិនបានជុំគ្នាទាំងអស់នោះទេ ព្រោះមានតែនាង បងប្រុសនាងដែលមកពីធ្វើសំណង់វិញនៅពេលល្ងាច និង ម្តាយរបស់នាងតែប៉ុណ្ណោះដែលបានហូបបាយជាមួយគ្នា ចំណែកឪពុក របស់នាងនៅមិនទាន់ត្រឡប់មកវិញនោះទេ។ ស្រីម៉ុចក៏សួរទៅម្តាយដែលកំពុរៀបចំរបស់របរសម្រាប់លក់ថ្ងៃស្អែក រីឯបង របស់នាងបានត្រូវពួកម៉ាកជិតខាងបបួលទៅផ្ទះរបស់គេ។
-ម៉ែ! ថ្មើរនេះទៅហើយ ពុកមិនទាន់មកផ្ទះទៀត តិចពុកមានរឿងអីទៅម៉ែ !
-វាគ្មានរឿងស្អីវាទេ តែបន្តិចទៀត វាគង់តែមកទេ តែវាអស់លុយផឹកស្រាវាមកផ្ទះវិញហើយ។
ពេលវេលាចេះតែរំកិលទៅមុខជាបន្តបន្ទាប់ ហើយបងប្រុសរបស់នាងក៏ត្រឡប់មកពីផ្ទះមិត្តភក្តិវិញដោយបាននាំមកជាមួយនូវក្លិនស្រា​ពេញខ្លួនតែមិនហ៊ានឱ្យម្តាយរបស់ខ្លួនដឹងឡើយ។ នៅពេលដែលយប់កាន់តែជ្រៅបន្តិចប្រហែលជាម៉ោង ១១កន្លះ ម្តាយរបស់នាងក៏កើតនូវការបារម្ភ ហើយចេះតែដេកមិនលក់ហើយក៏ចេញមកក្រៅ ផ្ទះដើម្បីចាំមើលផ្លូវប្តី ស្រាប់តែពេលនោះមានអ្នករត់ម៉ូតូ ដែលនៅជិតខាងគាត់ បានជិះម៉ូតូតម្រង់មករកគាត់ហើយក៏ស្រែកហៅគាត់ពីចម្ងាយមក ៖
-មីង! អើយ មីង!
-អើ! មានការស្អីបានជាស្រែកខ្លាំងម៉្លេះ?
-មីង!…មីង!… តាត្រូវឡានបុកនៅឯច្រកផ្លូវធំឯណោះ។
ដោយម្តាយរបស់ស្រីម៉ុច ស្តាប់មិនសូវច្បាស់ហើយ ទំនងជាមិនជឿក៏បានសួរបញ្ជាក់អ្នករត់ម៉ូតូឌុបម្តងទៀតដោយ សំឡេងធ្ងន់នឹងប្រកបដោយភាពរន្ធត់ជាខ្លាំង។
-អា…អា…ឯងថាម៉េច! ឪវាឡានបុក?
-បាទ!
ម្តាយរបស់ស្រីម៉ុច ស្ទើរតែដួលសន្លប់ទៅហើយព្រមទាំងស្រែកយ៉ាងខ្លាំងនូវពាក្យរបស់ខ្លួនដែលសួរទៅអ្នករត់ម៉ូតូឌុប និងបានយកដៃខ្ទប់មុខថែមទៀតផង។
-ពុទ្ធោ! ឪវាឡានបុក!
សម្រែករបស់ម្តាយស្រីម៉ុចបានធ្វើឱ្យនាង នឹងបងប្រុសរបស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងចេញពីក្នុងផ្ទះមកមើល ម្តាយ ហើយទឹកមុខម្នាក់ៗមើលទៅប្របកដោយភាពស្លេកស្លាំង និងសេចក្តីញ័ររន្ធត់។ ម្តាយរបស់ស្រីម៉ុច ភ័យបារម្ភព្រមទាំង រន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែល ឮដូចនោះចំណែកឯស្រីម៉ុចនឹងបងប្រុសនាងក៏ ចេញទៅជាមួយម្តាយដើម្បីទៅជួយឪពុករបស់ ខ្លួនតែអ្វីៗហួសពេលអស់ទៅហើយដោយសារគ្រោះថ្នាក់ បង្ករឡើងដោយ រថយន្តមួយគ្រឿង ដែលបោះពួយយ៉ាងលឿននៅ តាមដងផ្លូវដ៏ស្ងាត់នៅពេលយប់នោះបានប្រទះជាមួយនិង ស៊ីក្លូរបស់ឪពុកស្រីម៉ុចដែលកំពុងតែឆ្លងផ្លូវ ហើយគ្រោះថ្នាក់ក៏កើតឡើងតែម្តងទៅ។ នៅពេលដែលគេយកឪពុករបស់នាងទៅដល់មន្ទីរពេទ្យឪពុកនាងបាន ស្លាប់បាត់ទៅហើយ ហើយនៅលើខ្លួន របស់ឪពុកនាង គឺពោពេញទៅដោយក្លិនស្រាឡើងហួង ចំណែកឯរថយន្តបង្ករហេតុបានបើកគេចខ្លួន បាត់ពីការតាមចាប់របស់ប៉ូលីស។
ក្រោយមកម្តាយស្រីម៉ុចព្រមទាំងកូនៗ បានយកសពរបស់ប្តីមកផ្ទះដើម្បីធ្វើបុណ្យ ចំណែកបងប្រុសទីមួយរបស់ ស្រីម៉ុចក៏បានមកដែរ ប៉ុន្តែការធ្វើបុណ្យនេះប្រព្រឹត្តិទៅដោយមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់ អ្នកជិតខាងរបស់នាង ព្រមទាំងមានការចូលរួមជួយពីអ្នកភូមិយ៉ាងច្រើនផងដែរ។
ដំណើរការនៃបុណ្យសពបានចប់សព្វគ្រប់ទៅហើយ រីឯស្រីម៉ុចក៏ខានបានទៅរៀនជាងមួយអាទិត្យដែរ ឯម្តាយ របស់នាងចាប់តាំងពីថ្ងៃនោះមក សុខភាពក៏ខុសប្លែកពីមុនដែរ ម្តងជា ម្តងឈឺ មួយថ្ងៃកាត់មួយថ្ងៃកោ គាត់តែងតែនឹកគិត ពីពាក្យសម្តីដែលគាត់បានជេរប្តីខ្លួនមុនពេលរឿងហេតុកើតមានឡើង គាត់ដូចជាមានវិប្បដិសិរីចំពោះពាក្យ ដែលគាត់បាន និយាយទៅកាន់ប្តីរបស់ខ្លួន។ គាត់តែងតែគិតរហូត ហើយជួនកាលគាត់បានទៅទិញស្រាយកមកផឹកថែមទៀត មិនតែប៉ុណ្ណោះ ជួនកាលទៅគាត់ស្រួលខ្លួនក៏បានលក់ ជួនកាលមិនស្រួលក៏លែងបានទៅលក់វិញទៅ ដែលនេះបានធ្វើឱ្យភារកិច្ចក្នុងការរកប្រាក់ ត្រូវធ្លាក់មកលើនាង និងបងប្រុសនាងតែបងប្រុសនាងធ្វើសំណង់មិនសូវបានប៉ុន្មានទេជួនកាលទៅផឹកស៊ីជាមួយមិត្តភក្តិដែល ជាកម្មករដូចគ្នាទៀតអស់លុយរលីងក៏មាន។ ដូច្នេះនាងត្រូវតែធ្វើការរកលុយជាមុនសិន។
មានថ្ងៃមួយពេលនាងទៅលក់បាត់នោះ មានមិត្តរួមថ្នាក់របស់នាងបានយកសំបុត្រមួយច្បាប់របស់លោកគ្រូ មកប្រគល់ជូនដល់អាណាព្យាបាលរបស់ស្រីម៉ុច និងប្រាប់ឱ្យស្រីម៉ុចទៅរៀនព្រោះសល់តែមួយអាទិត្យទៀតប៉ុណ្ណោះនឹងដល់ ថ្ងៃប្រឡងហើយ។ រ៉េតបានដើរមកដល់ផ្ទះរបស់នាងហើយស្រែកសួរថាៈ
-មានអ្នកណានៅផ្ទះទេ?
ភ្លាមនោះម្តាយរបស់នាងក៏បានស្រែកឡើងថាៈ
-មានកាអី អាអូន?
-បាទមីង មីងជាម្តាយរបស់ស្រីម៉ុចមែនទេ?
– អឺ! គឺមីងហ្នឹងហើយ!
-អ៊ីចឹង! សូមមីងទទួលសំបុត្រផងចុះ ។ នេះជាសំបុត្ររបស់លោកគ្រូផ្ញើមកមីងពីព្រោះមិនឃើញស្រីម៉ុច ទៅរៀនជាច្រើនថ្ងៃហើយ។
-នែ! អាអូនជួយប្រាប់គ្រូរបស់វាផងថា មីងឈប់ឱ្យវាទៅរៀនហើយ ពីព្រោះឪពុករបស់វាទើបតែនឹងស្លាប់។
ឮដូចនោះហើយ រ៉េតបានទៅប្រាប់លោកគ្រូតាមដំណើរដែលម្តាយរបស់ស្រីម៉ុចបានប្រាប់។ នៅពេលដែលស្រីម៉ុចត្រឡប់មកដល់ផ្ទះវិញម្តាយនាងក៏បានហុចសំបុត្រនោះឱ្យ​កូនរបស់ខ្លួនអានពីព្រោះគាត់មិនចេះអក្សរនោះទេ ហើយខ្លឹមសារ នៃសំបុត្រនោះគឺដូចអ្វីដែលរ៉េតបានរៀបរាប់ប្រាប់ម្តាយរបស់ខ្លួនដូចនោះដែល។ បន្ទាប់មកនាងក៏សូមម្តាយដើម្បីទៅរៀន ដើម្បីប្រឡងនឹងគេ ប៉ុន្តែភ្លាមនោះម្តាយរបស់នាង បាននិយាយថាៈ
-មិនបាច់ទៅរៀនអីទៀតទេ អញប្រាប់គ្រូរបស់ង៉ែងហើយថាង៉ែងឈប់រៀនហើយ។ ទៅតែលក់ទៅបានហើយ រៀន ទៀតក៏វាគ្មានកើតជាការអីដែរ។
-ម៉េចក៏ម៉ែប្រាប់លោកគ្រូអ៊ីចឹង ម៉ែ! ម៉ែខ្ញុំសូមរៀនឱ្យបានប្រឡងសិនបានទេ ព្រោះសល់តែមួយអាទិត្យទៀតតែ ប៉ុណ្ណោះណាម៉ែណា ហើយថ្នាក់នេះជាថ្នាក់ចុងក្រោយនៃបឋមសិក្សាផង ខ្ញុំមិនចង់មានឈ្មោះរៀនមិនឆ្លង បឋមសិក្សានោះទេ ម៉ែ! ខ្ញុំសូមតែមួយអាទិត្យទេ! ពេលប្រឡងរួចខ្ញុំមិនបន្តទៅរៀននៅអនុវិទ្យាល័យទៀតឡើយ ម៉ែឱ្យខ្ញុំទៅទៅណាម៉ែ!
-អញមិនដឹងទេ បើង៉ែងទៅរៀនបាត់ ចុះបានពីណារកលុយមកទិញបាយស៊ី បើបងង៉ែងវាកាត់ទៅរកឪង៉ែងហើយ នោះ។
-ម៉ែចាំខ្ញុំឆ្លៀតពេលលក់ល្ងាច ដើម្បីយកប្រាក់ខ្លះទប់ទល់ទោះបានតិចក្តីតែប្រសើរជាងអត់ ហើយពេលព្រឹកពេលខ្ញុំ មកពីរៀនវិញចាំខ្ញុំទិញម្ហូបមក។
ម្តាយនាងក៏យល់ព្រមហើយ បញ្ជាក់បន្ថែមទៀតថាប្រឡងហើយត្រូវតែឈប់រៀន។ នាងក៏ធ្វើតាមដែលនាងនិយាយ រហូតដល់ថ្ងៃប្រឡងរួចរាល់អស់ហើយ នាងបានដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខក្រៀមក្រំខណៈដែលសិស្សដទៃទៀតមាន ទឹកមុខស្រស់ស្រាយសប្បាយចិត្ត។
រយៈកាលចេះតែកន្លងទៅមិនឈប់ឈរឆ្លងពីមួយខែទៅមួយខែ ប្រហែលជាបានរយៈពេលកន្លះឆ្នាំបន្ទាប់ពីប្តីស្លាប់ ទៅម្តាយរបស់ស្រីម៉ុច ចាប់ផ្តើមផឹកស្រាមិនសូវលោះពេលឡើយ ពេលខ្លះស្រវឹងជាប់គ្នាពីរបីថ្ងៃ នាងត្រូវមើលម្តាយផង និង ត្រូវទៅលក់ផង ហើយពេលខ្លះនាងត្រូវដើរសងលុយដែលម្តាយរបស់ខ្លួនជំពាក់គេនៅពេញតែភូមិ។ មិនយូរប៉ុន្មានបងប្រុស ច្បងរបស់នាងបាននាំប្រពន្ធ នឹងកូនមករកស៊ីនៅភ្នំពេញដោយស្នាក់នៅផ្ទះម្តាយរបស់ខ្លួន ដោយបងប្រុសនាងបានទិញម៉ូតូចាស់មួយដើម្បីរត់ឌុបនៅជិតៗផ្ទះរីឯបងថ្លៃរបស់នាងវិញ ជួនកាលលក់លៀសហាល ជួនកាល លក់ខ្យៅក៏មាន។
ប៉ុន្តែភាពស្ងប់ស្ងាត់ ដែលអ្នកជិតខាងថាមាននោះ ក្រោយពីឪពុករបស់នាងបានស្លាប់ទៅ មិនមានភាពឋិតឋេរនោះទេ ប្រហែលប្រមាណជាពីរបីខែ នៃការចូលមករស់នៅរបស់បងប្រុសច្បងរបស់នាង បានបង្កឱ្យមានការឈ្លោះទាស់ទែងគ្នារវាង បងប្រុសទាំងពីររបស់នាង។ មុនពេលឈ្លោះគេបបួលគ្នាផឹកស្រា តែដល់ចូលពោះបានយូរបន្តិចក៏មានការលើកឡើងពីរឿង ផ្សេងៗរហូតមានការទាស់សម្តីគ្នាឡូឡាពេញភូមិ ទោះជាប្អូននិងម្តាយឃាត់ក៏មិនស្តាប់ដែរ។ គេនាំគ្នាវាយជញ្ជាំងផ្ទះលាន់សូរ គ្រាំងផ្អើលអស់អ្នកភូមិជិតខាងរកតែគេដេកពួនពុំបាន។ ជួនកាលពួគេផឹកទៅក៏ស្រួល ជួនកាលផឹកទៅក៏ក្លាយទៅជារឿង មួយខែកើតរឿងពីរ ទៅបីដង។ ពួកគេមិនសូវខ្វល់ពីម្តាយរបស់ខ្លួនប៉ុន្មានទេមានតែស្រីម៉ុចដែលជាប្អូនពៅទេដែលខិតខំថែទាំ ម្តាយរបស់ខ្លួនពេលឈឺថ្កាត់ផ្សេងៗ។
នៅល្ងាចនេះនាងទៅលក់តែម្នាក់ឯងរីឯម្តាយរបស់នាងមិនទៅជាមួយនោះទេ នាងលក់មិនសូវជាដាច់ប៉ុន្មានទេ នៅ សល់ច្រើនទៀត តែដោយចង់លក់ឱ្យបានលុយចំណេញច្រើនបន្តិច នាងត្រូវត្រឡប់មកផ្ទះរៀងយឺតជាងសព្វមួយដង នៅពេល ដែលនាងត្រឡប់មកដល់ផ្ទះវិញប្រហែលជាម៉ោង៩យប់ទៅហើយ។ ពេលមកដល់ផ្ទះវិញនាងដើររកម្តាយតែមិនឃើញដល់ ពេលសួរបងប្រុសរបស់នាងទាំងពីរអ្នកទៀតក៏មិនដឹងដែរ ឃើញមិនស្រួលនាងបានដើរសួរអ្នកភូមិជិតខាងក៏គេមិនដឹងដែរ។ នាង បានហៅបងប្រុសទាំងពីរនាក់របស់នាងឱ្យទៅជួយរក ហើយសាកសួរគេឯងនៅតាមផ្លូវរហូតទាល់មានគេប្រាប់ថា មានស្ត្រីចំណាស់ម្នាក់ប្រហែលជាស្រវឹងខ្លាំងកំពុងតែដេកនៅកៀនរបងរោងចក្រជិតគំនរសំរាមឯណោះ។ បានដំណឹងដូចនេះ ភ្លាម នាងនិងបងៗ ក៏ធ្វើដំណើរឆ្ពោះទៅកន្លែងដែលគេបានប្រាប់នោះ ដល់ទៅឃើញ នាងស្គាល់ច្បាស់ថាជាម្តាយរបស់ខ្លួននាង ក៏ចូលទៅហៅម្តាយប៉ុន្តែម្តាយនាងមិនបានឆ្លើយតបនិងនាងឡើយ គឺម្តាយរបស់នាងមានសភាពស្តូកស្តឹងព្រោះម្តាយនាង ខ្យល់គស្លាប់បាត់ហើយតែនាងនិងបងប្រុសមិនទាន់អស់ចិត្តក៏ដឹកម្តាយរបស់ខ្លួទៅក្លីនិកមួយក្បែរនោះ ក្រោយពេលគ្រូពេទ្យ ពិនិត្យឃើញថាម្តាយនាងបានដាច់ខ្យល់ស្លាប់បាតទៅហើយ។ នាង និងបងប្រុសនាងក៏យកម្តាយត្រឡប់មកផ្ទះវិញហើយ ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីដោយត្រូវខ្ចីលុយគេធ្វើបុណ្យឱ្យម្តាយ ដូចឪពុករបស់ខ្លួនដែលទម្រាំតែសង់គេអស់មើលទៅ ប្រហែលច្រើនខែដែល។
ក្រោយពិធីបុណ្យសពរបស់ម្តាយកន្លងផុតទៅបានប្រមាណកន្លះខែ ក្រោយមកបងប្រុសទាំងពីររបស់នាងបានអង្គុយ ផឹកស្រាឡើងស្រវឹងរៀងៗខ្លួនហើយស្រាប់តែកើតផ្ទុះរឿងឈ្លោះគ្នា ទៀតហើយដែលម្តងនេះចេញពីបងប្រុសច្បងរបស់នាង ៖
-ហ្អែង! មកពីធ្វើសំណងវិញអត់ទៅរកម៉ែមកហូបបាយទេ ហ្អែងស៊ីតែបាយហើយដើរផ្ទះគេបាត់ទាល់តែម៉ែស្លាប់ បានហ្អែងភ្ញាក់ខ្លួន!
-ចុះហ្អែង!ម៉េចមិនមើលម៉ែផងទៅ! រត់ម៉ូតូជិតផ្ទះសោះបណ្តោយឱ្យម៉ែទៅផឹកស្រាឯណាបាត់!
-ហ្អែង! ទេអត់មើលម៉ែអញរវល់តែឌុបម៉ូយ ទៅលិចទៅកើត!
-អាចម៍ អីទេអា! ហ្អែង អញឃើញតែរត់ៗក៏ឈប់រត់ទៅលេងបៀមិនដែលគិតរកលុយចូលផ្ទះឱ្យបានច្រើននោះទេ ប្រពន្ធហ្អែងក៏អ៊ីចឹងដែរ ពេលខ្លះអត់ទៅលក់លៀស ទេមកលេងឡូតូ អត់ដាំបាយឱ្យកូនស៊ី វារត់មកស៊ីបាយជាមួយតែម៉ីខ្មុច រាល់តែ ដងហ្នឹង។
-ហ្អែងកុំមើលងាយប្រពន្ធអញវ៉ើយ ហ្អែងក៏គ្មានស្អីល្អដែរ ដើរផឹកជាមួយពួកម៉ាកហ្នឹងរាល់ល្ងាច។
-អើ! បើអ៊ីចឹង អញមិនបាច់ផឹកស្រាហ្អែងក៏បានដែរ អញខ្ពើមផឹកផង។
ភ្លាមនោះបងទី២របស់នាងបានទម្លាក់ចានចុះយ៉ាងខ្លាំង ចំណែកបងច្បងរបស់នាងឃើញបែបនោះច្រានប្អូនទម្លាក់ពី លើគ្រែតែដោយច្រានខុសក៏ធ្លាក់ពីលើគ្រែខ្លួនឯងទៅច្រត់ដៃចំអាចម៍ឆ្កែ ដែលវាមកស៊ីឆ្អឹង ហើយជុះនៅក្បែរនោះ។ មិនអស់ ចិត្តក៏ងើបឡើងក្តប្កា់អាចម៍ ឆ្កែគប់ទៅលើប្អូនហើយព្រមទាំងស្រែកថាៈ
-ងាប់ទៅហ្អែង!
ពេលនោះអាចម៍ឆ្កែខ្ទាតត្រូវថ្ពាល់របស់បងទីពីរស្រីម៉ុច ហើយបានយកដៃវាសចេញនិងហិតមើលស្រាប់តែបងទីពីរ របស់នាងបានពោលឡើងថាៈ
-ចុម!ស្អុយៗ អានេះលេងអាចម៍ឆ្កែវ៉ើយ!
ដោយឃើញទិដ្ឋភាពបែបនោះស្រីម៉ុច ក៏បានចូលទៅឃាត់បងនាងហើយទាញចូលទៅក្នុងផ្ទះវិញ ចំណែកបងប្រុស ច្បងរបស់នាងនៅតែឡូឡាពីមុខផ្ទះតូចរបស់ខ្លួនជាប់គ្នានោះទៅ ការឆ្លើយឆ្លងនិងសម្តីចេះតែបន្តរហូត ម្នាក់ៗហត់រៀងៗខ្លួន ក៏ស្ងាត់បាត់អស់ទៅ។
ស្ថានភាពបែបនេះស្រីម៉ុច បានឃើញជាច្រើនឆ្នាំហើយ រហូតដល់ឥលូវនេះនាងមានអាយុ១៥ឆ្នាំហើយ ហើយនាងក៏ មានការធុញថប់ជាមួយនឹងការឈ្លោះគ្នានៅក្នុងគ្រួសាររបស់នាង ដែលតតាំងពីឪពុករហូតមកដល់កូនបែបនេះ។
បងប្រុសច្បង់របស់នាងរត់ម៉ូតូមិនបានយូរទេព្រោះវាខូចញឹកញាប់ពេកធ្វើអស់លុយ​ហើយរត់ក៏លែងសូវបានលុយចូលផ្ទះទៀត ក៏សម្រេចចិត្តលក់ម៉ូតូ ចេញមកធ្វើជាកូនជាងសំណងជាមួយមេជាងម្នាក់ដែលស្ថិតនៅជិតផ្ទះរបស់ម្តាយគាត់នោះវិញ ទៅប្រហែលជា៥ខែ ក្រោយមកមានគេមកសាកសួរចង់ទិញដីម្តាយរបស់ស្រីម៉ុច នាងមិនព្រមលក់ទេ ព្រោះជាកេរឪពុកម្តាយ ចំណែកបងប្រុសទាំងពីររបស់នាងចងលក់ដើម្បីចែកលុយគ្នា ធ្វើដើមរកស៊ី ដោយនាងជាប្អូនការសម្រេចចិត្តត្រូវធ្លាក់ទៅលើ បងទាំងពីររបស់នាង។ ក្រោយទិញដីនោះហើយឈ្មួញនោះបានរុះរើផ្ទះចេញហើយធ្វើជាបន្ទប់ជួលសម្រាប់ឱ្យកម្មករកាត់ដេរ ដែលធ្វើការនៅរោងចក្រក្បែរនោះ។
ស្រីម៉ុច និងបងទី២របស់នាងបានទៅរកដីដែលមានតម្លៃថោកសមរម្យមួយឯកាំបូល ឯបងច្បងរបស់នាងបានទៅ ស្រុកខាងប្រពន្ធហើយធ្វើការចិញ្ចឹមត្រីផ្សំនឹងចិញ្ចឹមជ្រូក។ ឯបងប្រុសដែលនៅជាមួយស្រីម៉ុចឈប់ធ្វើសំណង់ទិញម៉ូតូចាស់មួយ ហើយរត់ឌុបឯផ្សារក្បែរនោះ ចំពោះស្រីម៉ុច វិញនាងនៅតែ ទូលម្ជូរលក់ នៅតាមរោងចក្រនៅពេលព្រឹក ចំណែកពេល រសៀល នាងដើរលក់នៅមាត់ទន្លេរដដែលព្រោះនេះជាមុខរបរដែលម្តាយនាងបានផ្តល់ឱ្យនាងដើម្បីរកប្រាក់ចិញ្ជឹមជីវិត។ នៅល្ងច្ងាមួយ ពេលដែលនាងកំពុងតែដើរទូលថាស់លក់ស្រាប់តែមានម៉ូតូរបស់យុវសិស្សម្នាក់ៗដែលមានឌុប​សិស្សស្រីម្នាក់ផង នោះ បើក ប្រជែងគ្នាជាមួយនឹង ម៉ូតូរបស់ពួកម៉ាកវាផ្សេងទៀតក៏ជ្រុលចង្កូតមកប៉ះនិង ស្រីម៉ុច ដែលកំពុងតែទូលដើរលក់ត្រូវ កំពុបអស់ រលីងពីថាសខានបានលក់ នាងក្រឡេកមើលទៅ សិស្សនោះ រីឯសិស្សនោះក៏ក្រឡេកមើលមកវិញ នាងរៀប នឹងហាមាត់ជេទៅ តែបែរជាអាក់ទៅវិញ ឯសិស្សនោះក៏បើកម៉ូតូចេញទៅប្រុយបោះពួយយ៉ាងលឿន។
តាមពិតសិស្សដែលបើកម៉ូតូប៉ះត្រូវនាងនោះគឺ រ៉េត ដែលធ្លប្កា់រៀនថ្នាក់ជាមួយនាងពីមុន តែគេប្រឡងជាប់បានចូល រៀនបន្តនៅអនុវិទ្យាល័យ ពីមុននាងស្គាល់ថា រ៉េតជាក្មេងល្អមិនមែនអត់សីលធម៌បែបនេះទេ ប៉ុន្តែអ្នកណាទៅដឹងថាមនុស្ស ផ្លាស់ប្តូរលឿនបែបនេះ។
ស្រីម៉ុច បានឡើងម៉ូតូឌុបត្រឡប់មកផ្ទះឯកាំបូវិញ ហើយបានពិភាក្សាជាមួយបងរបស់នាងដើម្បី រកស៊ីលក់ផ្លែឈើ នៅក្នុផ្សារវិញស្រួលជាងហើយមិនបាច់ហត់ដើទូលលក់ បងនាងបានប្រមែប្រមូលប្រាក់ដែលសេះសល់មកឱ្យនាងធ្វើដើមរកស៊ី ទៅ។
រីឯបងច្បងរបស់នាងបានរកស៊ីឯស្រុកខាងប្រពន្ធមិនបានប៉ុន្មានផងក៏ត្រូវខាត ដោយសារត្រីងាប់ច្រើនរីឯជ្រូកឈឺ ទៀតនេះ ដោយសារតែបងនាងមិសូវយកចិត្តទុកដាក់មើលថែរជួនភ្លេច ឱ្យចំណី ជួនមានគេលួច ក៏ត្រឡប់មកធ្វើសំណងឯ ភ្នំពេញជាមួយមេជាងជិតផ្ទះរបស់ម្តាយគាត់ចាស់ ពេលនោះមេជាងបានទទួលការងារម៉ៅការសាងសង់បន្ទប់ជួលបន្ថែមឱ្យ អ្នកដែលទិញដី របស់ម្តាយស្រីម៉ុច។ រីឯបងរបស់នាងមកដល់ ហើយបានចាប់ផ្តើមការងារថ្ងៃដំបូងបានតែឈរសំឡឹងមើលទៅ ដីដែលជារបស់ឪពុកម្តាយការពីមុន ជាកន្លែងដែលខ្លួនធ្លាប់រស់នៅ និងជាកន្លែងដែលខ្លួនមានអនុស្សាវរីយ៍ជូជត់ជាច្រើន ត្រូវបានអ្នក ដទៃកាន់កាប់ ហើយឥលូវខ្លួនមកធ្វើផ្ទះដើម្បីឱ្យគេនៅលើដីរបស់ខ្លួនទៀត។ គាត់រំពឹងមើលប្រកបដោយផ្ទៃមុខ ស្រពាប់ស្រពោន និងភាពសោកសៅនៅក្នុងចិត្ត។
បងប្អូនគេទាំងបីនាក់ រស់នៅឆ្ងាយពីគ្នាប៉ុន្តែពួកគេតែងជួបជុំគ្នានៅពេលមានបុណ្យទានម្តងដូចជាបុណ្យភ្ជុំបិណ្ឌដើម្បី ធ្វើបុណ្យឧទ្ទិសកុសលដល់ឪពុកម្តាយដែលបានចែកឋានទៅ ហើយបងប្រុសនាងម្នាក់ៗហាក់មានការភ្ញាក់ខ្លួនឈប់ឈ្លោះគ្នា ដូចពេលមុនទៀត។
រាជធានីភ្នំពេញ ឆ្នាំ២០០៩
និពន្ធដោយៈ សំ អេងលាង

ផ្ទៃមេឃថ្មី​ (The New Sky)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s