Posted in សាស្រ្តាល្បែង, អក្សរសាស្រ្តខ្មែរ, អក្សរសិល្ប៍ខ្មែរ

ព្រះ​មហា​សុបក្សី​តាបស​ (តចប់)

សាស្ត្រា​រឿង

ព្រះ​មហា​សុបក្សី​តាបស

វាចា​រំលឹក

ដល់​ខ្លួន​លា​ចាក​ផុត​លោក​យើង​នេះ​បាត់​ទៅ ទើប​សេចក្ដី​ខ្មាស​នោះ​វា​រលត់​អស់​ពី​ខ្លួន​ដែរ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​អាក្រក់​របស់​ជន​នោះ មិន​អាច​លុប​បាត់​ទៅ​ជា​មួយ​នឹង​ការ​រលាយ​រូប​នៃ​បុគ្គល​នោះ​បាន​ទេ ។ នេះ​ឯង​ហើយ​ដែល​ជា​សតិអារម្មណ៍ ដ៏​ធំ​ចម្បង​របស់​អាត្មា ។ រឿង​មួយ​ទៀត ដែល​សំខាន់​ដែរ​នោះ គឺ​ថា ប្រសិន​បើ​អាត្មា​ក្បត់​ពាក្យ​សន្យា​របស់​អាត្មា​ជា​មួយ​លោក​នាយ វាសនា​អាក្រក់​ទាំង​ឡាយ​នឹង​កើត​មាន​ដល់​គាភី​ទាំង​សង​ខាង​របស់​យើង ។ សូម​លោក​នាយ​ពិចារណា​មើល​ចុះ វា​មិន​ខុស​ពី​អ្វី​ដែល​ញោម​ជា​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ភូមិ​នេះ ទើប​នឹង​ផ្ដល់​ជា​ចម្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​នាយ ព្រោះ​រឿង​នេះ វា​ងាយ​យល់​ទេ ។ ប្រសិន​បើ​បង​ប្អូន​ជា​អ្នក​ស្រុក​អ្នក​ភូមិ​ទាំង​អស់​គ្នា បាន​ជ្រួត​ជ្រាប​អំពី​ផែនការ​របស់​លោក​នាយ​ជា​មុន​នោះ បង​ប្អូន​យើង​ប្រាកដ​ជា​មិន​ទុក​ឱកាស​ឲ្យ​ពូក​លោក​នាយ​ប្រមូល​យក​អស់​ទ្រព្យ​របស់​ជា​កេរ​កោះ​របស់​គេ​បាន​មែន ។ សោត​ឯ​ផែនការ​របស់​លោក​នាយ វា​ក៏​ត្រូវ​តែ​ទទួល​បរាជ័យ​ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ អំពើ​ឃោរ​ឃៅ​ក៏​នឹង​ត្រូវ​កើត​មាន​ឡើង ដោយ​ចៀស​មិន​ផុត​ជា​ដាច់​ខាត​ហើយ​ណា​លោក​នាយ​! ។ ព្រោះ​អ្វី? ព្រោះ​ថា បណ្ដា ជន​ដែល​នៅ​ក្នុង​ស្រុក ក្នុង​ភូមិ​នេះ គេ​មុខ​ជា​មិន​បណ្ដោយ​ឲ្យ​លោក​នាយ​ចូល​មក​ប្រមូល​យក​អស់​ទាំង​ទ្រព្យ​របស់​កេរ​កោះ​របស់​គេ​អស់​ដោយ​ងាយ​ៗ​បែប​នេះ​ទេ ។ បណ្ដាជន​គេ​មុខ​ជា​កាន់​អាវុធ​ប្រយុទ្ធ​គ្រប់​ដៃ គេ​នឹង​ត្រៀម​ចាំ​វ៉ៃ​ត​តាំង​ប្រឆាំង​និង​ពួក​លោក​នាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​អន្តរាយ​ដល់​អាយុជីវិត ដល់​ខ្លួន​ប្រាណ​នៃ​ភាគី​ទាំង​សង​ខាង​ផង ឬ​បើ​និយាយ​ម្យ៉ាង​ទៀត​ថា យើង​ទាំង​អស់​គ្នា​នឹង​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​ទាំង​អស់ មាន​ទាំង​អ្នក​ស្លាប់​មាន​ទាំង​អ្នក​នៅ​រស់ អ្នក​ខ្លះ​ក៏​រង់​របួស​ធ្ងន់​ទៅ ខ្លះ​ទៀត​ក៏​នឹង​រង​របួស​ស្រាល​មិន​លែង​ឡើយ ។ រួច​ហើយ ជា​ផល​វិបាក​នៃ​ការ​ប្រើ​ហិង្សា​យក​ឈ្នះ​ចាញ់​គ្នា​នេះ វា​នឹង​កើត​មាន​ការ​ចង​គំនុំ​គុំកួន​គ្នា ដែល​នឹង​ញ៉ាំង​ឲ្យ​មាន​ការ​សង​សឹក​គ្នា ចង​អាឃាត​រវាង​គ្នា​នឹង​គ្នា មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ​ឡើយ ។ ដោយ​សារ​តែ​អាត្មា បាន​ប្រមើល​ឃើញ​វាសនា​អាក្រក់​ក្នុង​បច្ចុប្បន្ន​កាល និង​ទៅ​ថ្ងៃ​មុខ​ដូច្នេះ​ឯង​ហើយ ទើប​បាន​អាត្មា​យល់​ដោយ​ប្រាកដ​ថា ការ​កាន់​យក​នូវ​ពាក្យ​សច្ចា​ដែល​អាត្មា​បាន​ធ្វើ​ជា​មួយ​លោក​នាយ​រួច​មក​ហើយ តាំង​អំពី​វេលា​ថ្ងៃ​នោះ គឺ​ជា​ការ​ប្រសើរ​ពន់​ពេក​ណាស់ ។ សូម​បង​ប្អូន ញាតិ​ញោម​ទាំង​អស់ ថ្លឹង​ថ្លែង​មើល​ចុះ ។ ចំពោះ​ឯ​ទ្រព្យ​របស់ យើង​អាច​រក​បាន​តាម​សេចក្ដី​ព្យាយាម គឺ​ខំ​រក​ស៊ី​តាម​សម្មាអាជីវោ ឬ​ដោយ​សេចក្ដី​សុចរិត​ត្រឹម​ត្រូវ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​នឹង​អាច​ស្ថិត​ស្ថេរ គង់​វង្ស​នៅ​បាន​យ៉ាង​យូរ​អង្វែង ព្រម​ទាំង​អាច​កើត​បាន​កាន់​តែ​ច្រើន​ថែម​ឡើង​ទៀត​ផង ។ ចំណែក​ឯ​អាយុ​ជីវិត​នៃ​យើង​រាល់​គ្នា ឲ្យ​តែ​វា​ផុត​រលត់​បាត់​នៅ​ពេល​ណា​មួយ​ហើយ យើង​មិន​អាច​រក​យក​មក​វិញ​បាន​ឡើយ ទោះបី​ជា​តាម​ដោយ​វិធី​ណា​ក៏​ដោយ​ព្រោះ​ហេតុ​ដូច្នេះ​ឯង​ហើយ ទើប​បាន​ជា​អាត្មា​ចៀស​វាង​ឲ្យ​ផុត​នូវ​គុណ​វិបត្តិ​អស់​ទាំង​នេះ​ណា៎! ។ សូម​លោក​នាយ និង​ញាតិ​ញោម​ទាំង​ឡាយ​មេត្តា​ជ្រាប និង​អភ័យ​ទោស​ឲ្យ​អាត្មា​ តាម​ការ​គួរ​ផង​ទៅ​ចុះ។

កាល​បើ​បាន​ឮ​ការ​លាត​ត្រដាង​អំពី​ការ​ពិត​ដូច្នេះ​ហើយ ប្រជាករ​ជា​អ្នក​រង​គ្រោះ​ទាំង​អស់ ក៏​កើត​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា នៅ​ក្នុង​អារម្មណ៍​រៀង​ៗ​ខ្លួន​របស់​គេ ។ អ្នក​ខ្លះ​គិត​ថា ព្រះ​មហាសុបក្សី​អង្គ​នេះ មិន​គួរ​ឡើយ​មក​ក្បត់​ជា​មួយ​និង​ញោម​ញាតិ របស់​ខ្លួន​អញ្ចឹង​សោះការ​ដែល​ព្រះ​អង្គ​ធ្វើ​ដូច្នេះ មិន​គួរ​អី​នឹង​ត្រូវ​អនុគ្រោះ​ឲ្យ​ផង​បាន​ទេ ។ ធ្វើ​បែប​នេះ បាន​ចំ​ជា​មាន​ន័យ​ថា ព្រះ​អង្គ​ឃុប​ឃិត សម​គំនិត​ជា​មួយ​ពួក​ចោរ គឺ​ព្រះ​អង្គ​ជា​អ្នក​បើក​ឱកាស​ឲ្យ​ទៅ​ពួក​ចោរ​មក​ឆក់​ប្លន់​មាតាបិតា ព្រម​ទាំង​ញាតិ​របស់​ព្រះ​អង្គ​ផ្ទាល់ ។ ព្រះ​អង្គ​គួរ​ណាស់​តែ​លះ​បង់​នូវ​ពាក្យ​សន្យា​ជា​មួយ​ចោរ​នោះ ចោល​ទៅ ។ ការ​ក្បត់​ជា​មួយ​ជន​ពាល​មាន​ចិត្ត​ជា​ចោរ​សាមាន្យ វា​មិន​អាច​ឲ្យ​ទៅ​ជា​បាបកម្ម​អ្វី​ទេ ជា​ពិសេស ព្រះ​អង្គ​បាន​ជ្រាប​ពី​ផែនការ​ទុក​ឲ្យ​មាតាបិតា និង​ញោម​ញាតិ​ទៀត​ផង ។ បើ​ទោះ​ជា​បាប​ក៏​វា​មិន​​​ធ្ងន់​ធ្ងរ​អ្វី​ជាង​ការ​ទុក​ឲ្យ​មាតាបិតា និង​ញោម​ញាតិ​ទាំង​អស់​របស់​ខ្លួន​ទទួល​រង​គ្រោះ​ដោយ​ចោរ​កម្ម​ដ៏​សាវហាវ​នេះ​ដែរ រហូត​ដល់​ម្នាក់​ៗ ទៅ​ជា​ក្ររហាម ។ តើ​ឲ្យ​គេ​ទៅ​រក​ស៊ី​យ៉ាង​ម៉េច​នឹង​បាន​មាន​ឡើង​វិញ​នោះ? ព្រះ​អង្គ​គួរ​តែ​ថ្លឹង​ថ្លែង​អំពី​ផល​វិបាក​ទាំង​ពីរ​នេះ​ឲ្យ​ឃើញ​ផង ។ ការ​ក្បត់​ពាក្យ​សន្យា​ជា​មួយ​ចោរ ម្ដេច​ក៏​បាន​ទៅ​ជា​បាប​កើត​? ។ ប្រជាករ​ខ្លះ​ទៀត យល់​ផ្ទុយ​ពី​ខាង​លើ​នេះ​ថា​ព្រះ​មហាសុបក្សី​អង្គ​នេះ​ព្រះ​អង្គ​បាន​ថ្លឹង​ថ្លែង​ត្រូវ​មែន ។ បើ​កុំ​តែ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ទៅ​លើ​ពាក្យ​សច្ចៈ​នោះ កុំ​អី​សង្គ្រាម​ដ៏​សាហាវ តូច​មួយ​នឹង​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន ដែល​ប្រាកដ​ជា​និង​បណ្ដាល​ឲ្យ​បង​ប្អូន​យើង​ទទួល​រង​នូវ​ការ​ខូច​ខាត​ខ្លាំង​ជាង​នេះ​ទៅ​ទៀត, គឺ​នឹង​ត្រូវ​ខូច​ខាត​យ៉ាង​ខ្លាំង ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អាយុជីវិត ។ ណ្ហើយ​! យើង​សុខ​ចិត្ត​ឲ្យ​បង់​តែ​ទ្រព្យ​ទៅ​ចុះ កុំ​ឲ្យ​តែ​ខ្លួន ឬ​កូន​ចៅ​យើង​ស្លាប់ ឬ​រង​របួស​នោះ ។ ព្រឹត្តិការណ៍​ដ៏​សែន​អភ័ព្វ​នេះ យើង​គួរ​តែ​ចាត់​ទុក​វា​ដូច​ជា​ការ​ចម្លង​គ្រោះ​សំរាប់​យើង​រាល់​គ្នា​ផង​ទៅ​ចុះ ឲ្យ​តែ​បាន​គង់​វង្ស​អាយុ​បើ​វាសនា​យើង​នៅ​មាន យើង​គង់​តែ​នឹង​រក​ស៊ី​មាន​បាន​វិញ​ទៀត ជា​មិន​ខាន​ទេ

បង​ប្អូន​យើង​មួយ​ចំនួន​ទៀត ហាក់​ដូច​ជា​ពុំ​មាន​យោបល់​អ្វី​ទាំង​អស់ ។ អ្វី​ៗ​ចំពោះ​គេ​កំពុង​តែ​ច្របូក​ច្របល់ រក​គិត​អ្វី​ក៏​ពុំ​យល់​ដែរ ។ គេ​មិន​ដឹង ថា​តើ​ត្រូវ​វិនិច្ឆ័យ​ពី​ព្រឹត្តិការណ៍​នេះ ដូច​ម្ដេច​ទៅ​វិញ​ទេ ។

ផ្ទុយ​ទៅ​វិញ ប្រតិកម្ម​របស់​មេ​ចោរ បែរ​ជា​ពញ្ញាក់​ស្មារតី​របស់​បង​ប្អូន​ប្រជាករ​ទាំង​អស់​ឲ្យ​ភ្ញាក់​ឡើង​ស្រឡាំង​កាំង​គ្រប់​គ្នា ហាក់​បី​ដូច​ជា​មាន​អ្វី​មួយ​មក​កន្ត្រាក់​អារម្មណ៍​របស់​គេ ឲ្យ​ដូច​ជា​គេ​កំពុង​ត្រូវ​ភ្ញាក់​ពី​ដំណេក​ដ៏​ជ្រៅ​មួយ​អញ្ចឹង​ដែរ​បាន​ជា​យ៉ាង​ដូច្នោះ ពី​ព្រោះ​គេ​ឃើញ​មេ​ចោរ​នោះ​ដើរ​ឱន​លំតោន​សំដៅ​ទៅ​ព្រះ​មហាសុបក្សី ទាំង​កើត​ក្ដី​រំភើប​នៅ​ក្នុង​ចិត្ត ។ លុះ​ទៅ​ដល់​ហើយ​មេ​ចោរ​ក៏​លុត​ជង្គង់​នៅ​ជិត​ព្រះ​បាទា​របស់​ព្រះ​អង្គ រួច​លើក​ហត្ថា​ទាំង​ទ្វេ​ប្រណម​ថ្វាយ​បង្គំ​យ៉ាង​គោរព​រាប​សា​បំផុត ព្រម​ដោយ​នូវ​វា​ចា​យ៉ាង​ផ្អែម​ល្ហែម ពោរ​ពេញ​ដោយ​ក្ដី​កតញ្ញូ​ថាៈ យើង​ខ្ញុំ​ព្រះ​ករុណា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​ដ៏​សែន​ថោក​ទាប​ណាស់ ។ ស្ថិត​នៅ​ចំពោះ​មុខ​ព្រះ​អង្គ​នា​ពេល​នេះ ខ្ញុំ​ព្រះ​ករុណា​សូម​សារភាព​នូវ​ទោស​កំហុស​ទាំង​អស់ ហើយ​ខ្ញុំ​ព្រះ​ករុណា​សូម​ប្ដេជ្ញា​ចិត្ត​ថ្វាយ​ព្រះ​អង្គ​ជា​មហោឡារិក​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ​មុខ ខ្ញុំ​ព្រះ​ករុណា​លែង​ប្រព្រឹត្ត​អំពើ​លាមក​ដូច្នេះ​ទៀត​ហើយ ។ អស់​កាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ អវិជ្ជា គឺ​សេចក្ដី​ល្ងង់​ខ្លៅ​បាន​ដឹក​នាំ​យើង​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​សេចក្ដី​ល្អ ។ ទើប​តែ​ក្នុង​ថ្ងៃ​នេះ​ឯង​តែ​ម្ដង ដែល​ព្រះ​ជា​ម្ចាស់​បាន​នាំ​យើង​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​មាន​វាសនា​មក​ជួប​ជា​មួយ​នឹង​អរិយបុគ្គល ជា​អ្នក​មាន​ចិត្ត​ស្អាត​បរិសុទ្ធ​ដ៏​កម្រ​រក​បាន ដែល​កំពុង​គង់​នៅ​ទី​នេះ​ស្រាប់ ។ ខ្ញុំ​ព្រះ​ករុណា​កើត​ចិន្តា​ស្នេហា​ចំពោះ​បព្វ​ជា​ភេទ​ដូច​ព្រះ​អង្គ​ណាស់ ។ អាស្រ័យ​ហេតុ​នេះ សូម​ព្រះ​អង្គ​មេត្តា​យល់​ព្រម​ប្រោស​សត្វ​លោក ដោយ​ព្រម​ទទួល​យក​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​បាន​ចូល​សិក្សា​ក្នុង​ឋានៈ​ជា​សិស្ស​គណ​របស់ ព្រះ​អង្គ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ។ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ចូល​ខ្លួន​សាង​ព្រះ​ផ្នួស ក្នុង​សំណាក់​ព្រះ​អង្គ​ជា​រៀង​រហូត ។ នេះ​គឺ​ជា​កិត្តិយស​មួយ​ដ៏​សែន​ធំ​ធេង​ពន់​ពេក​ណាស់ កាល​បើ​បាន​បម្រើ​ព្រះ​អង្គ ហើយ​ខ្ញុំ​ព្រះ​ករុណា​សូម​ប្ដេជ្ញា​ជា​បន្ថែម​ទៀត​ថា នឹង​ខិត​ខំ​រៀន​សូត្រ កាន់​សីល​ទាន ធ្វើ​វត្ត​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​មួន​មាំ សម​ស្រម​តាម​គន្លង​ព្រះ​ពុទ្ធសាសនា មិន​ឲ្យ​ឃ្លៀត​ឃ្លាត​ដោយ​ប្រការ​ណា​មួយ​ឡើយ ។ សូម​ព្រះ​អង្គ​មេត្តា​ប្រោស​សត្វ​តាម​កា​រគួរ​ផង​ចុះ

អ្នក​ភូមិ​ទាំង​ប៉ុន្មាន សឹង​តែ​មិន​ជឿ​ត្រចៀក​គេ​បន្តិច​សោះ នៅ​ពេល​ដែល​គេ​បាន​ស្គាល់​ឮ​មេ​ចោរ​ចេះ​ថ្លា​ថ្លែង​ដោយ​នូវ​ពាក្យ​ពេចន៍ ដ៏​ពិរោះ​ពិសា​ដូច្នោះ ។ គ្មាន​នរណា​ម្នាក់​និក​ស្មាន​ថា មេ​ចោរ​ឧទ្ទាន​ចេញ​មក​នូវ​ពាក្យ​ពេចន៍​បែប​នេះ​ទេ​។ គេ​ឆ្ងល់​ណាស់ ថា​តើ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ វា​ពិត​ជា​ចេញ​មក​ពី​ក្រអៅ​នៃ​បេះ​ដូង​ដ៏​បរិសុទ្ធ​របស់​មេ​ចោរ​មែន ឬ​ក៏​គ្រាន់​តែ​ជា​សំដី​ដែល​ឧទ្ទាន​ចេញ​មក ក្នុង​ល្បិច​បោក​ប្រាស់​ប៉ុណ្ណោះ​ទេ ។ ការ​ប្រែ​ក្រឡះ​ក៏​ចាប់​រហ័ស​ហួស​ពេក​យ៉ាង​នេះ ហាក់​ដូច​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​កើត​ទេ ជា​ពិសេស ចំពោះ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​តែង​ប្រកាន់​យក​នូវ​ឥរិយាបថ​របឹង​រឹង​រូស ដូច​ក្រុម​ចោរ​ទាំង​ប្រាំ​រយ​នាក់​នោះ​ជា​ដើម ។ អ្នក​រង​គ្រោះ​ទាំង​អស់​កំពុង​ទន្ទឹង​ទាំង​អន្ទះ​សារ ចាំ​មើល​ព្រឹត្តការណ៍​ដ៏​ចម្លែក​នេះ ថា​តើ​វា​នឹង​វិវឌ្ឍ​ទៅ​ជា​យ៉ាង​ណា​ទៀត ទាំង​អារម្មណ៍​របស់​គេ​ភ័យ​ផង អរ​ផង ។ ក្នុង​ពេល​នោះ​ព្រះ​មហាសុបក្សី​មិន​ទាន់ទាំង​បាន​មាន​ពុទ្ធដីការ​ឆ្លើយ​តប​ថា​អ្វី​នៅ​ឡើយ​ផង ក៏​ស្រាប់​តែ​មេ​ចោរ​បែរ​មុខ​ទៅ​រក​កូន​ចោរ​ទាំង​អស់​គ្នា រួច​មាន​វាចា​យ៉ាង​សម​គួរ​ប៉ុន្តែ​ដាច់​ខាត​ថាៈ

អស់​អ្នក​រាល់​គ្នា ជា​ទី​ស្នេហា​! ខ្ញុំ​សឹង​តែ​រក​វាចា​អ្វី​មក​ថ្លែង ដើម្បី​ជា​អំណរ​គុណ​ដល់​អស់​លោក​រាល់​គ្នា​មិន​បាន​ទេ ចំពោះ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​ស្នេហា​របស់​អ្នក​រាល់​គ្នា​ចំពោះ​រូប​ខ្ញុំ ។ យើង​បាន​ ធ្វើ​ការ​ជា​មួយ​គ្នា​អស់​កាល​ជា​យូរ​មក​ហើយ នៅ​តែ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឹ​ចោរកម្ម​នេះ ដែល​ជា​មុខ​របរ​នៃ​យើង ។ យើង​បាន​យល់​ចិត្ត​យល់​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អ​ប្រពៃ ធ្វើ​ឲ្យ​មេ​ត្រី​ភាព នឹង​សាមគ្គី​ភាព​រវាង​យើង​ទាំង​អស់​គ្នា ស្គាល់​នូវ​ភាព​រឹង​ប៉ឹង​មួយ​ដែល​មិន​មាន​នរណា​អាច​មក​កំទេច​ឬ​បំបែក​បំបាក់​បាន​ឡើយ ។ ប៉ុន្តែ​ពេល​នេះ អស់​អ្នក​រាល់​គ្នា​បាន​ឮ​ពី​សេចក្ដី​ឧទ្ធិស​របស់​ខ្ញុំ​ប្រាប់​ហើយ ។ នេះ​គឺ​ជា​ពាក្យ​ពិត​របស់​ខ្ញុំ ដែល​នឹង​ឥត​មាន​ការ​ងាក​រេ​បន្តិច​ណា​ទេ ។ ខ្ញុំ​កំពុង​ចាត់​ទុក​ព្រះ​ភិក្ខុ​អង្គ​នេះ ថា​ជា​បុគ្គល​ដ៏​ឧត្តុង្គ​ឧត្ដម ថា​ព្រះ​អង្គ​គឺ​ជា​ទី​សក្ការៈ​សំរាប់​រូប​ខ្ញុំ ។ ហេតុ​នេះ​ខ្ញុំ​សូម​អធ្យាស្រ័យ​ពី​សំណាក់​របស់​អស់​អ្នក​រាល់​គ្នា​ជា​មុន ហើយ​ខ្ញុំ​សុំ​ឲ្យ​អស់​អ្នក​រាល់​គ្នា មេត្តា​បោះ​បង់​នូវ​មុខ​របរ​ទុច្ចរិត ដូច​ដែល​យើង​បាន​ប្រព្រឹត្ត​កន្លង​មក​ហើយ​នោះ​ចោល​ចេញ​ទៅ ។ សូម​អស់​លោក​អ្នក​រាល់​គ្នា​ខំ​បង្វែរ​អារម្មណ៍​ឆ្ពោះ​ទោ​លើ​ការ​រកស៊ី​តាម​សម្មាអាជីវោ ដូច​បង​ប្អូន​យើង​ទាំង​នេះ​វិញ ។ ខ្ញុំ​សុំ​ឲ្យ​អ្នក​រាល់​គ្នា​រីក​រាយ​ចិត្ត​និង​ប្រគល់​ទ្រព្យ​របស់ ដែល​ឆក់​ប្លន់​បាន​ទាំង​ប៉ុន្មាន​នោះ ទៅ​បង​ប្អូន​យើង​វិញ​រៀង​ៗ​ខ្លួន កុំ​ឲ្យ​មាន​នៅ​សេស​សល់​ដល់​បន្តិច​ណា​ឡើយ ។ នេះ​ឯង​ណា ជា​សំណូម​ពរ​ដ៏​ទទូច​របស់​ខ្ញុំ​មុន​គេ ។ រួច​ហើយ​បន្ទាប់​ពី​នេះ​ទៅ វា​ស្រេច​តែ​នៅ​លើ​ការ​សំរេច​ចិត្ត​របស់​អស់​អ្នក​រាល់​គ្នា​ទេ ថា​តើ​អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​រស់​នៅ​តាម​ដោយ​ផ្ទះ​សម្បែង​វិញ ឬ​ក៏​សុខ​ចិត្ត​ទៅ​ជា​មួយ​ខ្ញុំ ។ ប៉ុន្តែ​ទោះបី​ជា​អស់​អ្នក​រាល់​គ្នា​ចង់​សម្រេច​ថា​យ៉ាង​ណា​ៗ​នោះ យើង​គួរ​តែ​ចាំ​ស្ដាប់​ពុទ្ធដីការ​របស់​ព្រះ​ភិក្ខុសង្ឃ​អង្គ​នេះ​សិន​

មេចោរ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហាសុបក្សី ៣ ដង ក្នុង​បំណង​ថា​សុំ​និមន្ត​ព្រះ​អង្គ​ឲ្យ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អ្វី​ៗ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ ។ កូន​ចោរ​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​នាយ​របស់​ខ្លួន​ដែរ ។ តាម​ពិត​ទៅ កូន​ចោរ​ទាំង​អស់​មាន​ចិន្តា​សោមនស្ស​រីក​រាយ​រួច​ជា​ស្រេច​ទៅ​ហើយ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ស្ដាប់​នាយ​របស់​ពួក​គេ​សំដែង​ពី​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ របស់​គេ​ពី​អាក្រក់​មក​ជា​ល្អ​វិញ​នោះ ។ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ថា ពួក​គេ​នឹង​ប្រគល់​ជូន​ទ្រព្យ​ទាំង​អស់​ទៅ​ម្ចាស់​គេ​វិញ តាំង​ពី​មុន​ពេល​ដែល​មេ​របស់​ពួក​គេ​លើក​ជា​សំណូម​ពរ​ឡើង​ម្ល៉េះ ។ ការ​ប្រគល់​ទ្រព្យ​របស់​ជូន​ទៅ​ម្ចាស់​គេ​វិញ​ទាំង​អស់​នោះ ត្រូវ​បាន​កូន​ចោរ​ប្រែ​ចិត្ត​ទាំង​ប្រាំ​រយ​នាក់​អនុវត្ត​ទៅ ទាំង​បញ្ចេញ​វាចា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទឹក​ចិត្ត​របស់​ពួក​គេ​ថា ពួក​គេ​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឆ្គាំ​ឆ្គង ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​កន្លង​មក​ ទាំង​ប៉ុន្មាន​នោះ ។

កូន​ចោរ​ទាំង​អស់ មាន​សេចក្ដី​ស្វាមី​ភក្ដី​ចំពោះ​នាយ​របស់​ពួក​គេ​ណាស់ ។ ពួក​គេ​តែង​តែ​ចាត់​ទុក​នាយ​របស់​ពួក​គេ ថា​ជា​មេ​ដឹក​នា​ដ៏​ល្អ​ប្រពៃ​ម្នាក់ ។ ចាប់​តាំង​ពី​ពួក​គេ​រួប​រួម​គ្នា​បង្កើត​ជា​បក្ស​ពួក​ចោរ​កម្ម​រាប់​ឆ្នាំ​មក​ហើយ នាយ​របស់​ពួក​គេ មិន​ដែល​បង្ក​ជា​រឿង​អ្វី​ឲ្យ​បរិវារ​ណា​ម្នាក់ មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត ដោយ​ប្រការ​ណា​មួយ​ឡើយ ។ ពួក​គេ​តែង​តែ​ទទូច​បាន​នូវ​ភាព​យុត្តិធម៌​ពី​មេ​កោយ របស់​ពួក​គេ​ជា​និច្ច ។ មិន​តែ​ប៉ុណ្ណោះ មេ​របស់​ពួក​គេ​ថែម​ទាំង​ជួយ​ពួក​គេ​នៅ​រាល់​ពេល​ណា​ដែល​ពួក​គេ​មាន​ធុរៈ​ម្ដង​ៗ ។ កាល​ណា​មាន​បើ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​អ្វី​មួយ នាយ​របស់​ពួក​គេ​មិន​ដែល​ធ្វើ​ដោយ​អត្ថនោម័ត ពោល​គឺ ធ្វើ​តាម​តែ​ចិត្ត​ឯង​នឹក​ឃើញ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ មេ​របស់​ពួក​គេ​តែង​តែ​បើក​ការ​ប្រជុំ​គ្នា​មិន​ដែល​ខាន ដើម្បី​ពិគ្រោះ​ពិចារណា​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក តាម​ធម្មតា ។ នាយ​របស់​ពួក​គេ​នោះ​តែង​តែ​លើក​កិត្តិយស​ជា​និច្ច​ចំពោះ​យោបល់​ណា ដែល​ភាគ​ច្រើន​យល់​ឃើញ​ថា​ល្អ ជាង​គេ ។ ការ​ដែល​ពួក​គេ​ទទួល​បាន​នូវ​ការ​អប់រំ​មួយ ដែល​ញ៉ាំង​ឲ្យ​ពួក​គេ​ចេះ​យល់​ចិត្ត​យល់​ថ្លើម​គ្នា ចេះ​យោគ​យល់​គ្នា មាន​ចិត្ត​ស្មោះ​ត្រង់​រវាង​គ្នា​នឹង​គ្នា គឺ​ជា​កត្តា​ដ៏​សំខាន់​នៃ​ការ​ពង្រឹង​នូវ​សាមគ្គីភាព​មេត្រី​ភាព និង​ការ​បង្កើត​ឡើង​នូវ​ភាតរភាព​ពិត​ប្រាកដ នៅ​ក្នុង​សង្គម​ដ៏​តូច​មួយ​របស់​ពួក​គេ​នោះ ។ ថ្វី​បើ​គេ​ជា​មេ​ចោរ​មែន ប៉ុន្តែ​គឺ​ជា​មេ​ចោរ​ដែល​ប្រកប​ដោយ គិត​បណ្ឌិតចំពោះ​កូន​ចោរ​ជា​បរិវារ​របស់​គេ ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​កូន​ចោរ​ទាំង​អស់​កើត​ចិន្តា​ស្នេហា​ចំពោះ​នាយ​នាយ​របស់​គេ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ស្មើ​ផង​មិន​បាន​ទេ ។ មេ​ដឹក​នាំ​ដែល​ល្អ គឺ​មេ​ដឹក​នាំ​ដែល​ស្មោះ​ត្រង់​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ពុំ​មាន​ការ​លាក់​លៀម ឬ​មាន​ពុត​ត្បុត​ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រោម​អំណាច​របស់​ខ្លួន​នោះ​សោះ​ឡើយ ។ នេះ​ហើយ​ជា​គន្លឹះ​នៃ​ការ​ដឹក​នាំ​ដែល​ល្អ​ប្រពៃ ជា​សេចក្ដី​ថ្លៃ​ថ្នូ​សម្រាប់​មនុស្ស​។

កូន​ចោរ ដែល​បាន​ប្រែ​ខ្លួន​ទៅ​ជា​អ្នក​មាន​ចិត្ត​ជា​ឡើង​វិញ តាម​នាយ​ចៅហ្វាយ​របស់​ពួក​គេ​នោះ ក៏​ស្រែក​ឡើង​សឹង​តែ​ព្រម​ៗ​គ្នា​ថា ជយោ! លោក​នាយ​! ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា សុខ​ចិត្ត​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​តាម​សំណើ ដ៏​ថ្លៃ​ថ្លា​របស់​លោក នាយ​! ។ ពួក​យើង​ខ្ញុំ​សុំ​តាម​បម្រើ​លោក​នាយ​ជា​និច្ច !

គ្មាន​នរណា​អាច​វាស់​បាន​នូវ​សេចក្ដី​រីករាយ​របស់​បង​ប្អូន​ប្រជាជន​ដែល ទើប​នឹង​បាន​ទទួល​រង​គ្រោះ​អម្បាញ់​មិញ​នោះ​ឡើយ បន្ទាប់​ពី​បាន​ទទួល​មក​វិញ​ទាំង​អស់​នូវ​របស់​ទ្រព្យ​រៀង​ៗ​ខ្លួន ដែល​បាន​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​ការ​អស់​សង្ឃឹម​របស់​គេ​អស់​មួយ​រយៈ​ពេល​ខ្លី​មក ដោយ​ពុំ​មាន​បាត់​បង់​អ្វី​សូម្បី​បន្តិច​សោះ ។ ព្រម​ពេល​ជា​មួយ​គ្នា​នឹង​សម្រែក​ជ័យ​ឃោស​ដែល​បន្លឺ​ឡើង​ដោយ​កូន​ចោរ​ទាំង​ប្រាំ​រយ​នាក់​នោះ ព្រះ​អាទិត្យ​ក៏​ចាប់​រះ​ឡើង​ល្មម​ហាក់​បី​ដូច​ជា​ព្រះ​អង្គ​កំពុង​យាង​ចេញ​មក​ធ្វើ​ជា​បន្ទាល់​សាក្សី នៃ​ការ​ផ្លាស់​ប្ដូរ​របស់​ពួក​ចោរ​ពី​ការ​ប្រព្រឹត្ត​នូវ​អំពើ​អាក្រក់​​ទៅ​ជា​ការ​កាន់​យក​នូវ​អំពើ​ល្អ​វិញ ពុំ​នោះ​សោត​គឺ​ហាក់​ដូច​ជា​ព្រះ​អង្គ​កំពុង​ចូល​រួម​ចំណែក​រីក​រាយ​នឹង​ព្រឹត្តិការណ៍​នេះ ដោយ​ផ្ទាល់​តែ​ម្ដង ឬ​ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យ​កាន់​តែ​អធិកអធម​ថែម​ឡើង​ទៀត​ផង និង​ជា​ការ​ប្រសិទ្ធិពរ​ជូន​ដល់​អ្នក​ដែល​ទើប​និង​មាន​សទ្ធា​ចំពោះ​កុសល​ធម៌​ផង ព្រម​ទាំង​ជួយ​កំចាត់​បង់​នូវ​ភាព​ងងឹត​អន្ធការ និង​សភាព​ការណ៍​ស្មុគ​ស្មាញ​ឲ្យ​ជ្រះ​ស្រឡះ​ចេញ​អស់​ទៅ​ផង ៕

ព្រះ​សុរិយា​កាន់​តែ​លេច​ឡើង​ភ្លឺ​ច្បាស់ ជះ​កម្ម​រស្មី​ពាស​ពេញ​ទឹក​ដី​នៃ​ភូមិ​ឋាន​នោះ ។ មនុស្ស​ម្នា​អាច​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ច្បាស់ ។ ម្នាក់​ៗ​សឹង​ប្រកប​ដោយ​ទឹក​មុខ​ញញឹម​ញញែម​ឡើង​ស្រស់​បំព្រង​ជា​សញ្ញា​ប្រាប់​ថា ព្រឹត្តិការណ៍​អកុសល​អម្បាញ់មិញ​នេះ ត្រូវ​បាន​គេ​បំភ្លេច​អស់​គ្មាន​សល់ ហើយ​ត្រូវ​ជំនួស​ទៅ​ដោយ​បរិយាកាស​​ដ៏​សែន​រីករាយ​មួយ ដែល​ឥត​មាន​នរណា​ម្នាក់​គិត​ស្មាន​ដល់​ថា​នឹង​អាច​កើត​មាន​នោះ​សោះ​ឡើយ ។ នេះ​ឯង​ហើយ​ជា​បុណ្យ​បារមី​នៃ​អរិយ​បុគ្គល​ដែល​ព្រះ​អង្គ​ខំ​សន្សែ​សន្សំ​បាន​មក តាម​ការ​កសាង​នូវ​កុសល​ធម៌ ការ​ធ្វើ​វត្ត​ប្រតិបត្តិ​នានា​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ។

ព្រះ​មហាសុបក្សី ដែល​ទ្រង់​សណ្ដាប់​នូវ​ការ​កែ​ប្រែ​ឥរិយាបថ​របស់​ពួក​ចោរ​ទាំង​ប្រាំ​រយ​នាក់​នោះ ដោយ​ព្រះ​ទ័យ​រីករាយ​ឥត​ឧបមា ក៏​ទ្រង់​មាន​ព្រះ​ពុទ្ធដីកា​យល់​ព្រម​ទទួល​យក​មេចោរ​នោះ​ជា​សិស្ស​គណ តាម​សំណូមពរ ។ រី​ឯ​កូន​ចោរ​ទាំង​អស់​ដែល​មាន​ស្វាមី​ភក្តី​បំផុត ចំពោះ​នាយ​ចៅហ្វាយ​របស់​ពួក​គេ​នោះ ក៏​នៅ​តែ​មិន​ទាន់​ចាច់​ចិត្ត​ចោល​ចៅហ្វាយ​នាយ​របស់​ពួក​គេ​ទេ ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​មហាសុបក្សី ដើម្បី​ឲ្យ​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​សន្តោស​ប្រោស​ដល់​ប្រាណ​របស់​ពួក​គេ​ផង ឲ្យ​ដូច​អ្វី​ដែល​ព្រះ​អង្គ​ទើប​នឹង​បាន​ធ្វើ​ចំពោះ​លោក​នាយ​របស់​ពួក​គេ ។ ពួក​គេ​សុំ​ចូល​ខ្លួន​ទៅ​តាម​ដង្ហែ​លោក​នាយ​របស់​ពួក​គេ ព្រម​ទាំង​​សុំ​សាង​ផ្នួស​បួស​ជា​អ្នក​កាន់​សីល កាន់​វត្ត​ប្រតិបត្តិ​ឲ្យ​ខ្ជាប់​ខ្ជួន​មួន​មាំ នៅ​ក្នុង​សំណាក់​របស់​ព្រះ​មហាសុបក្សី ដើម្បី​រៀន​សូត្រ​ឲ្យ​បាន​ចេះ​ដឹង នឹង​ឲ្យ​បាន​ជា​ទី​គោរព​នៃ​អស់​ជា​នានុជន​ផង ។

ព្រះ​មហាសុបក្សី​តាបស ទ្រង់​កើត​ព្រះ​ចិន្តា​រីករាយ​ពន់​ពេក នឹង​ទទួល​យក​ចោរ​ប្រែ​ចិត្ត​ទាំង​ប្រាំ​រយ​នាក់​ឲ្យ​បាន​ចូល​បួស​រៀន​នៅ​ក្នុង​សំណាក់​របស់​ព្រះ​អង្គ ។ នៅ​ក្នុង​ថ្ងៃ​ជា​មហានក្ខត្តឫក្ស​នោះ ប្រជាជន​នៅ​ក្នុង​ភូមិ ក៏​បាន​ស្ម័គ្រ​ចិត្ត​រៀបចំ​ពិធី​ជប់​លៀង​ភ្ញៀវ​កិត្តិយស និង​ប្រគេន​យាគូ​ចំពោះ​ព្រះ​មហាសុបក្សី​តាបស ។ គឺ​ជា​មហា​ពិធី​មួយ ដែល​មិន​ធ្លាប់​មាន​សោះ​តាំង​ពី​ដើម​មក ។ ព្រះ​នាម​របស់​ព្រះ​មហាសុបក្សី កាន់​តែ​ល្បី​រន្ទឺ ឮ​សុះ​សាយ​ទៅ​ដល់​ទី​ជិត​ទី​ឆ្ងាយ រហូត​ទៅ​ដល់​លោក​មហាសេដ្ឋី​បុរីរក្ស ។ តាម​សំណូម​ពរ​ផ្ទាល់​របស់​លោក​សេដ្ឋី ព្រះ​មហសុបក្សី​បាន​និមន្ត​ទៅ​កាន់​គេហដ្ឋាន​របស់​លោក ដែល​នៅ​ទី​នោះ ព្រះ​អង្គ​បាន​ជួយ​សង្គ្រោះ​ដល់​កុមារ​ទាំង​ពីរ​ប្រាណ​ឲ្យ​បាន​រួច​ផុត​ពី​អភ័ព្វ​នោះ​ទៅ ។

….

កម្ពុជសុរិយា ឆ្នាំ១៩៩៩

Posted in សាស្រ្តាល្បែង, អក្សរសាស្រ្តខ្មែរ, អក្សរសិល្ប៍ខ្មែរ

ព្រះ​មហា​សុបក្សី​តាបស

សាស្ត្រា​រឿង

ព្រះ​មហា​សុបក្សី​តាបស

វាចា​រំលឹក

កាល​នោះ គឺ​នៅ​ដើម​ទសវត្ស​នៃ​ឆ្នាំ ១៩៦០ ។ នៅ​ផ្ទះ​ជីតា​ខ្ញុំ​ឯ​ស្រែ​មាន​សាស្ត្រា​ស្លឹក​រឹត​មួយ​ខ្សែ ដែល​មាន​ឈ្មោះ​ថា សាស្ត្រា​រឿង​ព្រះ​មហា​សុបក្សី​តាបសចារ​ជា​ពាក្យ​កាព្យ ជា​បទ​ពាក្យ​៧ ។ ដើម្បី​ជា​ការ​កែ​អផ្សុក​ខ្ញុំ​តែង​តែ​យក​សាស្ត្រា​នោះ មក​អាន​សាក​ល្បង​មើល​កំសាន្ត​លេង​ជា​ញឹក​ញយ​ដង ។ សម័យ​នោះ ខ្ញុំ​អាន​សាស្ត្រា​មិន​ទាន់​ដាច់​បាន​ទាំង​អស់​ទេ ។ ខ្ញុំ​អាន​ដាច់​បាន​តិច​តួច ហើយ​អាច​យល់​សេចក្ដី​បាន​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ។ ពី​ព្រោះ​សាស្ត្រា​នោះ​លោក​ចារ​សុទ្ធ​តែ​ជា​អក្សរ​មូល​ផង និង​តាម​អក្ខរាវិរុទ្ធ​ជំនាន់​ដើម​ផង ។ កាល​នោះ​ខ្មែរ​យើង​មិន​ទាន់​មាន​ក្បួន​ច្បាប់​សរសេរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​សព្វ​ថ្ងៃ​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​ខំ​ព្យាយាម​អាន​ហើយ​អាន​ទៀត អាន​ដដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សា លុះ​ត្រា​តែ​ខ្ញុំ​បាន​យល់​អស់​ជា​ស្ថាពរ នូវ​របៀប​សរសេរ​នៃ​អក្ខរាវិរុទ្ធ​របស់​ពាក្យ​នីមួយ​ៗ នា​សម័យ​កាល​នោះ ។ ដូច្នោះ​ហើយ ខ្ញុំ​ក៏​អាច​អាន​សាស្ត្រា អាច​យល់​បាន​នូវ​សេចក្ដី​និង​ខ្លឹម​សារ​នៃ​រឿង​នោះ​ដូច​ធម្មតា ។

មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​អាន​សាស្ត្រា​នោះ​តាំង​ពី​ដើម រហូត​ដល់​ចប់

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ជាង​សាម​សិប​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​នៅ​តែ​នឹក​ឃើញ ព្រម​ទាំង​ចាំ​សេចក្ដី​សង្ខេប​របស់​សាស្ត្រា​ស្លឹក​រឹត​នោះ​នៅ​ឡើយ ។ រី​ឯ​ការ​ហាត់​រៀន​នោះ​សា​ចុះ​សា​ឡើង​ច្រើន​ដង​ពី​ដំបូង វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ចាំ​មួយ​ភាគ​ខាង​ដើម​នៃ​រឿង​ជា​កំណាព្យ​ពាក្យ​៧ នោះ​ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​សូម​ចម្លង​ការ​ចេះ​ចាំ​ទាំង​ប៉ុន្មាន​ពី​សាស្ត្រា​នោះ ជូន​ជនានុជន​ផង​គ្នា គ្រាន់​និង​អាន​កំសាន្ត លេង​ផង ទុក​ជា​ឯកសារ​សំរាប់​ធ្វើ​ការ​ពិចារណា​អំពី​ខ្លឹម​សារ​នៃ​រឿង​នេះ​ផង​ទុក​ជា​គតិ​សំរាប់​អប់រំ​ខ្លួន​យើង​គ្រប​រូប​ផង ហើយ​ជា​ពិសេស គឺ​ដើម្បី​រក្សា​ស្នា​ដៃ​ដែល​នៅ​សេស​សល់​តែ​បន្តិច​បន្តួច​នេះ កុំ​ឲ្យ​បាត់​បង់​សូន្យ​សុង​ទៅ​វិញ​ផង ។

សាស្ត្រា​នោះ​និទាន​ពី​អ្នក​ប្រាជ្ញ​ផ្នែក​តារា​សាស្ត្រ​ដ៏​ល្បី​ល្បាញ​ពីរ​នាក់ ដែល​ម្នាក់​ប្រកាន់​ថា ផែន​ដី​រាង​សំប៉ែត​មាន​ផ្ទៃ​រាប​ស្មើ ហើយ​ស្ថិត​នៅ​នឹង​តែ​មួយ​កន្លែង​ឯ​ម្នាក់​ទៀត ប្រកាន់​ថា ផែន​ដី​រាង​មូល​ដូច​ផ្លែ​ក្រូច​ត្លុង វិល​វង់​ជុំ​វិញ​ព្រះ​អាទិត្យ ហើយ​គឺ​ព្រះ​អាទិត្យ​ឯ​នោះ​ទេ ដែល​ស្ថិត​នៅ​នឹង​តែ​មួយ​កន្លែង​នុ៎ះ ។ អាចារ្យ​ទាំង​ពីរ​នាក់​ពូក​ទស្សន៍ទាយ​ដូច​ៗ​គ្នា ។ ប៉ុន្តែ​ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពិរ​យល់​ឃើញ​ខុស​គ្នា វា​ក៏​បង្ក​ឲ្យ​ទៅ​ជា​មាន​ទំនាស់​នាំ​ឲ្យ​បែក​បាក់ តើ​ទៅ​ជា​បក្ស​ជា​ពូក​ពីរ​ក្រុម ដេល​ក្លាយ​ទៅ​ជា​គូ​សត្រូវ​នឹង​គ្នា ។ អ្នក​ទាំង​ពីរ​តែង​តែ​កើត​ចិត្ត​ច្រណែន​និន្ទា​ឈ្នានិស​គ្នា​មិន​ចេះ​ចប់ ។ ជានិច្ច​កាល ពួក​គេ​មាន​គំនិត​ចាំ​តែ​ផ្ចាញ់​ផ្ចាល​គ្នា ព្រម​ទាំង​រក​ឱកាស​ដើម្បី​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក តែ​រៀង​ៗ​ខ្លួន ។

តើ​មក​ពី មូល​ហេតុ​អ្វី ទើប​បាន​ជា​អាចារ្យ​ទាំង​ពីរ​នាក់​កើត​ចិត្ត​ជា​អរិភាព​នឹង​គ្នា​ដូច្នោះ ?

គឺ​ជា​ការ​ងាយ​ណាស់​។ ពី​ព្រោះ​ថា អាចារ្យ​ទាំង​ពីរ​នាក់​នោះ សុទ្ធ​តែ​ជា​មនុស្ស​ខ្វះ​គតិណ្ឌិត មាន​ចរិត​ជា​ជន​បាល ខ្វះ​ការ​ពិចារណា ខ្វះ​ការ​អប់រំ ឬ​បើ​ពោល​ជា​ពាក្យ​សាមញ្ញ​វិញ លោក​ថា​អាចារ្យ​ទាំង​ពីរ​នាក់​នោះ ជា​មនុស្ស​គ្មាន​ការ​ចេះ​ដឹង ។ ម្នាក់​ៗ​គិត​តែ​ពី​ប្រកាន់​យក ត្រូវតែ​រៀង​ៗ​ខ្លួន ដោយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រយោជន៍​សំរាប់​បក្ស​ពួក​នៃ​ខ្លួន​គេ​ផ្ទាល់​តែ​ប៉ុណ្ណោះ ។ គឺ​ដោយ​សារ​តែ​ឥរិយាបទ​បែប​នេះ​ឯង​ហើយ ដែល​វា​បណ្ដាល​ឲ្យ​មូល​ហេតុ​នៃ​ការ​បែក​បាក់​សាមគ្គី​ត្រូវ​ចាប់​កំណើត​ឡើង ។

មាន​ការ​ចោទ​សួរ​ដ៏​សម​ហេតុ​ផល​មួយ ពី​សំណាក់​ជនានុជន​ខ្លះ​ថា បើ​ព្រះ​ពុទ្ធ​អង្គ​ជា​អ្នក​ទ្រង់​ញាណ​មែន​នោះ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​មិន​ទ្រង់​ញាណ​ថា​ផែន​ដី​យើង​នេះ​មាន​រាង​មូល ហើយ​វិល​វង់​ជុំ​វិញ​ព្រះ​អាទិត្យ?

គេ​មិន​ដែល​បាន​ជួប​ប្រទះ​អក្សរសាស្ត្រ​ណា​មួយ​ដែល​សំដែង​ថា ព្រះ​ពុទ្ធ​អង្គ​មិន​ដឹង​ថា​ផែនដី​មាន​រូប​រាង​មូល​នោះ​ទេ ហើយ​គេ​ក៏​មិន​ដែល​បាន​ប្រទះ​គម្ពីរ​ពុទ្ធ​សាសនា​ណា​ដែល​បរិយាយ​ថា ព្រះ​ពុទ្ធ​អង្គ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​អំពី​រឿង​ផែន​ដី​នោះ ក៏​ទេ​ដែរ ។ រី​ឯ​ចម្លើយ​ទៅ​នឹង​សំណួរ​នេះ ក៏​មិន​មែន​ជា​ការ​ពិបាក​ទេ គឺ​ថា គារ​ដែល​ត្រូវ​ដឹង​ស្គាល់ ឬ​យល់​អំពី​លក្ខណៈ​នៃ​ភព​ផែនដី ក៏​ដូច​ជា​អំពី​ភព​ឯ​ទៀត​ៗ​ដែរ មាន​ដូច​ជា​ព្រះ​អាទិត្យ ព្រះ​ចន្ទ ព្រះ​អង្គារ ព្រះ​ពុធ ព្រះ​ហស្បត្តិ៍ ព្រះ​សុក្រ ព្រះ​សៅរ៍ និង​ភព​ដ៏​ច្រើន​អនេក​ឯ​ទៀត​នោះ គឺ​ជា​វិជ្ជា​មួយ​ដែល​ទាក់​ទិន​ទៅ​នឹង​វិទ្យាសាស្ត្រ​សុទ្ធ​សាធ ។ មាន​មតិ​ជា​ច្រើន​បាន​អះ​អាង​ថា ករណី​នេះ​មិន​មែន​ព្រះ​ពុទ្ធ​អង្គ​លោក​មិន​បាន​ទ្រង់​ញាណ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ទ្រង់​បាន​ឈ្វេង​យល់​ថា ដល់​ថ្ងៃ​ក្រោយ​ទៅ​មនុស្ស​លោក​យើង​គង់​តែ​នឹក​រក​ឃើញ​នូវ​វិជ្ជា​អស់​ទាំង​នេះ​ជា​ប្រាកដ ។ ប្រសិន​បើ​នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ព្រះ​ជន្មាយុ​នៅ​ឡើយ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​លើក​យក​ករណី​ទាំង​អស់​នេះ មក​ចូល​ទៅ​ក្នុង​បរមត្ថវិជ្ជា​របស់​ព្រះ​អង្គ ទោះ​បី​ត្រឹម​តែ​ជា​ការ​បើក​វង់​ក្រចក​តែ​ប៉ុណ្ណោះ​ក៏​ដោយ​ក៏​វា​អាច​បង្ក​ឲ្យ​បែក​ចេញ​ទៅ​ជា​ចម្ងល់​និង​ជា​សំណួរ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​មិន​ចេះ​អស់​មិន​ចេះ​ហើយ ដែល​ជា​ហេតុ​មួយ​នាំ​ឲ្យ​មាន​ការ​ឃ្លាត​ចាក​ឆ្ងាយ​ចេញ​ពី​ព្រះ​ធម៌​ទាំង​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ដោយ​ព្រះ​អង្គ​ឯង ហើយ​ដែល​ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​យ៉ាង​ប្រាកដ​ថា នឹង​ពុំ​មាន​មនុស្ស​លោក​ណា​អាច​រក​ឃើញ​បាន​ឡើយ ។ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មុខ​ជា​ពុំ​មាន​ឱកាស​ឯ​ណា​ឲ្យ​បាន​បរិបូណ៌​គ្រប់​គ្រាន់ ដើម្បី​បង្ហាត់​បង្រៀន​ប្រៀន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​នូវ​អស់​ទាំង​វិជ្ជា​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​នោះ​ទេ ។ ព្រះ​អង្គ​មុខ​ជា​ពុំ​មាន​ឱកាស​ឯ​ណា​និង​ទទួល​នូវ​អស់​ពួក​មនុស្ស ទេព្តា​ផង​ទាំង​ឡាយ ដែល​តែង​តែ​មាន​ចម្ងល់ មាន​ប្រស្នា​ផ្សេង​ៗ​មក​ចោទ​សួរ​ចំពោះ​ព្រះអង្គ​នោះ​ឡើយ ។ ម្យ៉ាង​វិញ​ទៀត វិជ្ជា​អស់​ទាំង​នេះ​គ្រាន់​តែ​ជា​មុខ​ជំនាញ ជា​មុខ​របរ​សំរាប់​ជន​សាមញ្ញ​ដែល​ជា​អ្នក​មាន​ប្រាជ្ញា​មុត​តែ​ប៉ុណ្ណោះ ពោល​គឺ វា​ពុំ​មាន​លក្ខណៈ ឬ​មាន​ការ​ទាក់​ទិន​អ្វី​ឡើយ ទៅ​នឹង​សាសនា​របស់​ព្រះ​អង្គ ។ វិជ្ជា​នេះ ថ្មី​បើ​គេ​ត្រូវ​ចេះ​ត្រូវ​ដឹង​ក៏​ពិត​មែន ប៉ុន្តែ​វា​ក៏​មិន​អាច​នាំ​ឲ្យ​កើត​ជា​គតិ​បណ្ឌិត ជា​ការ​ទូន្មាន​ប្រៀន​ប្រដៅ​ទៅ​លើ​ផ្នែក​សីលធម៌ សំរាប់​មនុស្ស​លោក​រាល់​រូប​ផង​ដែរ ។ មនុស្ស​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន​ណាស់​នូវ​សេចក្ដី​សុខ គឺ​សុខ​ទាំង​ខាង​ផ្លូវ​កាយ​ផង សុខ​ទាំង​ខាង​ផ្លូវ​ចិត្ត​ផង ។ ដើម្បី​ឲ្យ​បាន​សំរេច​នូវ​បំណង​ប្រាថ្នា​អស់​ទាំង​នេះ មនុស្ស​យើង​ត្រូវ​ការ​ជា​ដំបូង​បំផុត​នូវ​សាមគ្គី ។ ធម៌​សាមគ្គី​នេះ វា​កើត​ចេញ​មក​ពី​សេចក្ដី​ស្រឡាញ់​គ្នា ។ សេចក្ដី​ស្រឡាញ់​គ្នា វា​កើត​ចេញ​មក​ពី​សេចក្ដី​ស្មោះ​ត្រង់​នឹង​គ្នា មិន​ចេះ​ក្បត់​គ្នា​គឺ​មាន​យុត្តិធម៌​ដ៏​ល្អ​ត្រឹម​ត្រូវ​រវាង​គ្នា​នឹង​គ្នា ។ មនុស្ស​ដែល​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​ដ៏​ពិសេស​ទាំង​អស់​នេះ លោក​ហៅ​ថា​មនុស្ស មាន​គតិ​បណ្ឌិត ឬ​មាន​ការ​ចេះ​ដឹងដែល​ផ្ទុយ​នឹង​មនុស្ស​ពាល ព្រហើន​កោង​កាច មនុស្ស​ក្នុង​ជំពូក​ជា​អ្នក​មាន​ការ​ចេះ​ដឹង គួរ​ណាស់​តែ​ត្រូវ​បាន​ជា​ទី​កោត​សរសើរ ជា​ទី​គោរព និង​ជា​គំរូ​សំរាប់​ជនានុជន​គ្រប់​គ្នា ។ នេះ​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​យ៉ាង​សង្ខេប​ប៉ុណ្ណោះ ចំពោះ​រស​នៃ​រឿង​ព្រះ​មហាសុបក្សី​តាបស ។ រី​សេចក្ដី​ពិស្ដារ គឺ​ដូច​មាន​និទាន​នៅ​ក្នុង​សាស្ត្រា​រឿង​មហាសុបក្សី​តាបស នេះ​ជា​គតិ​ស្រាប់ ។

តើ​លោក​តា​អាចារ្យ ដែល​គេ​ទទួល​ស្គាល់​ថា​ជា​តារា​វិទូ​ដ៏​ល្បី​ល្បាញ ជា​អ្នក​មាន​ជំនាញ​ខាង​វិជ្ជា​ទស្សន៍ទាយ​នោះ ជា​មនុស្ស​ប្រភេទ​ណា ?

ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​ចាំ​កំណាព្យ​នៃ​រឿង​ព្រះ​មហាសុបក្សី​តាបស​នេះ​តាំង​ពី​ដើម​ដល់​ចប់ គឺ​គ្រាន់​តែ​នៅ​ចាំ​សាច់​រឿង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​ថា​កំណាព្យ​ទាំង​នោះ ត្រូវ​បាន​លោក​អ្នក​កវី​និពន្ធ​តាក់​តែង​ចង​ក្រង​ឡើង​យ៉ាង សែន​ពិរោះ​ពន់​ពេក គឺ​មាន​ការ​ចាប់​ចុង​ចួន​នោះ​ឥត​មាន​ខ្វះ​ចន្លោះ​ត្រង់​ណា​បន្តិច​ឡើយ មិន​ខុស​ពី​កំណាព្យ​នៅ​ក្នុង​រឿង​នានា​ទៀត ដូច​ជា​នៅ​ក្នុង​រឿង​សព្វ​សិទ្ធិ រឿង​ហង្សយន្ត​ជា​ដើម​នោះ​ទេ ដូច​ដែល​យើង​មាន​ផ្នែក​ខាង​ដើម​នៃ​កំណាព្យ​រឿង​ជា​ឧទាហរណ៍​ស្រាប់ ។ មួយ​វិញ​ទៀត លោក​អ្នក​កវី​និពន្ធ ក៏​មិន​បាន​ចារឹក​ឈ្មោះ​លោក​នៅ​ក្នុង​រឿង​នោះ​ដែរ លោក​មាន​លើក​តែ​ពិ​ឋានន្តរស័ក្តិ​របស់​លោក ដែល​ថា​លោក​គឺ​ជា​ភួ​ឈួយ​ក្រឡា​ហោម​ប៉ុណ្ណោះ ។

ដើម្បី​ឲ្យ​បាន​ជ្រាប​ពី​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​លោក​អាចារ្យ​ទាំង​ពីរ​នាក់​នោះ សូម​អាន​រឿង​ព្រះ​មហាសុបក្សី​តាបស ភាគ​ខាង​ដើម​ជា​កំណាព្យ​ពាក្យ​៧ និង​សេចក្ដី​សង្ខេប​ជា​ពាក្យ​រាយ​នៃ​ភាគ​ដែល​នៅ​សេស​សល់ ដូច​មាន​និទាន​នៅ​ដើម​ទំព័រ ជា​បន្ត​បន្ទាប់​ទៅ​នេះ ។

រឿង​ព្រះ​មហាសុបក្សី​តាបស

នេះ​នឹង​សូម​ថ្លា​ថ្លែង​និទាន ដូច​មាន​នៅ​ក្នុង​ព្រះ​ធម៌​ពិត

តាម​ពាក្យ​បុរាបុរាណ​ព្រឹទ្ធ ឈ្មោះ​ថា​ភាសិត​មហាឥសី ។

ខ្ញុំ​ជា​ភូឈួយ​ក្រឡាហោម កើត​ព្រម​ដោយ​ចិត្ត​គិត​គុណបី

គឺ​ព្រះ​រតន៍ត្រ័យ​ថ្លៃ​រង្សី សូម​ខុស​សួស្ដី​គ្រប់​ប្រការ ។

សូម​ថ្វាយ​បង្គំ​បរម​បពិត្រ ជា​ម្ចាស់​ជីវិត​លើ​សិរសា

ជា​ម្លប់​គ្រប់​គ្រង​សព្វ​សាសនា នូវ​រាស្ត្រ​ប្រជា​ទាំង​បុរី ។

ខ្ញុំ​នឹក​គុណ​មាតាបិតា គុណ​គ្រូ​អាចារ្យ​មហា​ថ្លា​ថ្លៃ

ខ្ញុំ​សុំ​ជួប​សុខ មាន​សិរី សូម​ផ្ដើម​សំដី​ចែង​ចរចា ។

ថា​កាល​បី​ព្រេង​អង្វែង​យូរ មាន​គ្រូ​ពី​នាក់​មាន​ប្រាជ្ញា

មួយ​ឈ្មោះ​និទេស​សាស្ត្រាចារ្យ មួយ​នោះ​នា​មា​គ្រូនិទស ។

អាចារ្យ​ទាំង​ពីរ​ជា​គ្រូ​ធំ នៅ​ក្នុង​និគម​ស្រុក​មាន​ឈ្មោះ

មាន​ខេត្ត​ខណ្ឌ​គិរី​មាន​ជ្រោះ ចន្លោះ​លង្វែក​ដែន​មយូរ៉ា ។

អាចារ្យ​ទាំង​ពីរ​មាន​កន្លែង តាក់​តែង​រោង​រៀន​ក្បួន​សាស្ត្រា

ប្រដៅ​សិស្ស​គណ​គាល់​ត្រៀប​ត្រា ទៅ​តាម​ប្រាជ្ញា​ខ្លួន​ទី​ទៃ ។

ឯ​គ្រូ​និទស​នោះ​កាន់​ថា ពសុធា​សំប៉ែត​អណ្ដែត​វៃ

ដូច​កល​ស្លឹក​ឈូក​ក្នុង​ជល​ស័យ ក្រោម​ដី​ទឹក​ទ្រ​ព​ទាំង​ស្រុង ។

ឯ​គ្រូ​និទេស​នោះ​កាន់​ថា ពសុធា​មូល​ដូច​ផ្លែ​ក្រូច​ត្លុង

វិល​ឡើង​ក្រឡាប់​គ្មាន​ដើម​ចុង តួ​អង្គ​ព្រះ​អាទិត្យ​និត្យ​នឹង​នៅ ។

អាចារ្យ​នោះ​ស្គាល់​ច្រើន​ក្រៃ​ណាស់ ស្គាល់​មេឃ​អាកាស​ច្បាស់​សន្ធៅ

ស្គាល់​គ្រោះ​តារា​ដែល​ចរ​ទៅ ស្គាល់​ទឹក​រាក់​ជ្រៅ​ក្នុង​សាគរ។

ស្គាល់​ភេទ​និមិត្ត​ហេតុ​វិនាស ស្គាល់​គ្រាស​តា​រា​ដែល​ចរមក៍

ស្គាល់​ច្បាស់​ប្រាកដ​ឥត​មាន​ភរ នរណា​រិះ​រក​ទាយ​មិន​ខុស ។

ចំណេះ​ចំណាន​គ្មាន​ទើស​ទាល់ សម្គាល់​ប្លែក​គ្នា​តែ​ត្រង់​នោះ

មួយ​ថា​ដី​វិល​វល់​ឡើង​ចុះ មួយ​ថា​ដី​ដុះ​នៅ​នឹង​និត្យ ។

គន់​មើល​យូរ​ទៅ​ត្រូវ​ទាំង​គ្រប់ ទោះ​ថ្ងៃ​ឬ​យប់​ឆ្ងាយ​ឬ​ជិត

ដែល​គិត​ថា​វិល​ឃើញ​វិល​ពិត ដែល​គិត​ថា​នឹង​ឃើញ​នឹង​ថ្កល់ ។

គណៈ​ទាំង​ពីរ​បើ​ជួប​គ្នាកាល​ណា​តែង​ទាស់​ឈ្លោះ​រចល់

ជែក​យក​ឈ្នះ​ខ្លះ​តាំង​ភ្នាល់ ទៅ​តាម​សម្គាល់​ជា​ប្រមាណ ។

អ្នក​ស្រុក​ជាន់​នោះ​លុះ​វិជ្ជា ក៏​បែក​បាក់​គ្នា​ជា​ពីរ​ប្រាណ

ពួក​ឃើញ​ដី​នឹង​ទាំង​ប៉ុន្មាន រាប់​អាន​ចូល​ខាង​គ្រូ​និទស ។

ឯ​ពូក​ឃើញ​ដី​វិល​ផ្កាប់​ផ្ងារ ចូល​ខាង​អាចារ្យ​និទេស​អស់

អាចារ្យ​នោះ​កើត​បាន​របស់ ភោជន៍​ភស្តុ​អខោ​សោភិនី ។

គ្រា​នោះ​នៅ​មាន​ភឿន​ពីរ​នាក់ ស្មោះ​ស្មគ្រ​ស្រឡាញ់​គ្នា​ពេញ​ទី

មួយ​ឈ្មោះ​នាយទស​មាន​ព្យាធិ ទី​ពីរ​ឈ្មោះ​ទែន​សែន​ទុរគត ។

នាយ​ទស​នោះ​មាន​អាការ​រោគ ឆ្កួត​ជ្រូក​មក​ពី​កំណើត​សុទ្ធ

ប្រកាច់​វិល​វល់​ញ័រ​រន្ធត់ ប្រឹង​រត់​រក​គ្រូ​មើល​ពុំ​ជា ។

នាយ​ទែន​នោះ​មាន​ទុក្ខ​ទោស​ទ្វេ នៅ​ជា​ខ្ញុំ​គេ​ធ្វើការ​ងារ

ពី​ព្រោះ​ឪពុក​1លក់​ខ្លួន​វា ដោយ​សារ​ចាញ់​ភ្នាល់​ល្បែង​ចត្រង្គ​2

លក់​ទាល់​តែ​អស់​របស់​ទ្រព្យ លេង​ជាប់​ដល់​ឈឺ​ត្រចៀក​ថ្លង់

ទើប​យក​នាយ​ទែន​ទៅ​លក់​បង់ នៅ​ក្នុង​ស្រុក​នោះ​មាន​ឈ្មោះ​ថា ។

ឧកញ៉ា​បរិបុរីរក្ស័ ចេញ​ប្រាក់​បី​រយ​កហាបនា

លោះ​យក​នាយ​ទែន​ជា​បរិវារ ប្រើ​ឲ្យ​ធ្វើ​ការ​ស្ទើរ​ពេល​លោះ ។

គេ​ប្រើ​គេ​ស្ដី​រៀង​រាល់​ថ្ងៃ សឹង​ឥត​សំចៃ​សឹង​ឯង​ប្រុស

ល្ងាច​ប្រើ​រែក​ទឹក​ព្រឹក​ពុះ​ឧស បើ​ជួន​ជា​ខុស​គេ​ជេរ​វាយ ។

លុះ​ចំណេរ​កាល​ជា​ខាង​ក្រោយ​នោះ​បន្តិច​មក ទើប​នាយ ទស និង​នាយ​ទែន បាន​ឮ​ត​ៗ​ពី​គេ​ពី​ឯង​មក​អំពី​អាចារ្យ​ទាំង​ពីរ​នាក់​ដែល​ល្បី​ឈ្មោះ​នៅ​ទី​ជិត​ទី​ឆ្ងាយ ។ មាន​កាល​ថ្ងៃ​មួយ​នោះ គុមារ​អភ័ពញវ​ទាំង​ពីរ​នាក់​បាន​ស្កាត់​រក​ជួប​គ្នា ហើយ​ប្រឹក្សា​គ្នា​ថា យើង​ទាំង​ពីរ​នាក់ គួរ​តែ​ទៅ​រក​គ្រូ​ដែល​ល្បី​ឈ្មោះ​នោះ ឲ្យ​លោក​ជួយ​យើង​មើល ក្រែង​លោ​លោក​អាច​ជួយ​ស្រោច​ស្រង់​យើង​ឲ្យ​បាន​រួច​ផុត​ពី​ជំងឺ​តម្កាត់ និង​បាន​រួច​ផុត​ជា​អ្នក​ជា​នឹង​គេ​ឡើង​វិញ លែង​នៅ​ធ្វើ​ជា​ខ្ញុំ​កញ្ចះ​គេ​ត​ទៅ​ទៀត ។ ប្រសិន​បើ​លោក​អាច​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​វាសនា​អាក្រក់​ទាំង​នេះ​មែន យើង​ត្រូវ​តែ​សុំ​នៅ​គាល់​ហ្វៅ​បំរើ​លោក​ដែល​ជា​អ្នក​មាន​គុណ មាន​ចំណេះ​វិជ្ជា មាន​សីលធម៌ នៅ​ក្នុង​ខ្លួន​នេះ​ទើប​ប្រសើរ ព្រោះ​អី​តាម​ដែល​ល្បិត​ៗ​គ្នា​មក ឮ​ថា​លោក​អាចារ្យ​ទាំង​ពីរ​នាក់​នោះ​ពូកែ​ណាស់ ។ បើ​ពិត​ជា​ពូកែ​មែន​នោះ លោក​ច្បាស់​ជា​អាច​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ដូច​សព្វ​ថ្ងៃ​នេះ​បាន ។ កាល​ណា​យើង​រួច​ផុត​ពី​ទុក្ខ​ទោស​ទាំង​នេះ​ហើយ​យើង​នឹង​ត្រូវ​ខិត​ខំ​គោរព​កោត​ខ្លាច​លោក ហើយ​ខំ​ស្វាធ្យាយ​សិក្សា​រៀន​សូត្រ​ពី​លោក​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​កសាង​ខ្លួន​យើង​ឲ្យ​ទៅ​ជា​មនុស្ស​ថ្លៃ​ថ្នូរ​នឹង​គេ ។

កាល​បើ​ព្រមព្រៀង​គ្នា​រួច​ស្រេច​ហើយ នាយ​ទស និង​នាយ​ទែន ក៏​នាំ​គ្នា​ទៅ​កាន់​សំណាក់​លោក​អាចារ្យ​និទស ។ ទៅ​ដល់​កាល​ណា សម្លាញ់​ទាំង​ទ្វេហារ​ក៏​ប្រញាប់​ដើរ​ចូល​ទៅ​ទាំង​ឱន​បន្ទន់​សិរសា​កាន់​កិរិយា​រាប់​ទាប លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​លោក​គ្រូ ដែល​កំពុង​មាន​សិស្ស​គណ​នៅ​គាល់​ត្រៀប​ត្រា ។ កុមារ​អភ័ពញវ​ក៏​ប្រញាប់​ទូល​លោក​អាចារ្យ​អំពី​មូល​ហេតុ​នៃ​ការ​មក​ដល់​របស់​ខ្លួន​គេ ។ ប៉ុន្តែ​លោក​អាចារ្យ​ហាក់​ដូច​ជា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​អាថ៌​សេចក្ដី ដែល​នាយ​ទាំង​ពីរ​នាក់​រ៉ាយ​រ៉ាប់​ប្រាប់​នោះ​ទេ ។ លោក​បែរ​ជា​ប្រញាប់​សួរ​ទៅ​នាយ​កំសត់​យើង​ទាំង​ពីរ​នាក់​នោះ​ថាៈ

នែ!, អាអ្ហែង​ទាំង​ពីរ​នាក់ ចូរ​អ្ហែង​ប្រាប់​អញ​មើល​! តើ​ផែន​ដី វា​មាន​រាង​មូល​ឬ​រាង​សំប៉ែត​?

កុមារ​ទាំង​ពីរ​នាក់​ហាក់​ដូច​ជា​ភ័ន្ទ​ភាំង​មួយ​សន្ទុះ ទើប​នាយ​ម្នាក់​ឆ្លើយ​ទាំង​ប្រថុយ​ប្រថាន​ថាៈ

យើង​ខ្ញុំ​ព្រះ​ករុណា​សូម​ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះ​អង្គ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​ព្រះ​ករុណា​មក​កាន់​ទី​នេះ គឺ​ដើម្បី​សុំ​ឲ្យ​លោក​តា​ជួយ​យើង​ខ្ញុំ​ព្រះ​ករុណា​ដោយ​ហេតុ​ថា យើង​ខ្ញុំ​ព្រះ​ករុណា​កំពុង​មាន​អាការ​រោគ នឹង​មានទុក្ខ​ទោស​ជា​ទម្ងន់ គឺ​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​សម្លាញ់​របស់​ខ្ញុំ​ព្រះ​ករុណា កំពុង​ជាប់​ជំពាក់​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ព្រោះ​តែ​ឪពុក​របស់​វា​គ្មាន​ប្រាក់​លោះ ។ តើ​លោក​តា​អាច​ជួយ​រំដោះ​យើង​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​រួច​ផុត​ពី​វាសនា​អភ័ព្វ​ទាង​នេះ​ផង​បាន​ឬ​ទេ ? ចំពោះ​បញ្ហា​ផែន​ដី​វិញ​នោះ ទោះ​បី​ជា​វា​មាន​រាង​មូល​ក្ដី ឬ​ក៏​មាន​រាង​សំប៉ែត​ក្ដី នោះ​គឺ​វា​ហួស​ពី​សមត្ថភាព​របស់​យើង​ខ្ញុំ​ព្រះ​ករុណា​ឆ្ងាយ​ណាស់ សូម​លោក​តា​អភ័យ​ទោស​ដល់​យើង​ខ្ញុំ​ព្រះ​ករុណា​ផង​ទៅ​ចុះ ។ យើង​ខ្ញុំ​ព្រះ​ករុណា​នៅ​ល្ងង់​ខ្លៅ​ណាស់ ហើយ​ក៏​សុំ​ទូល​ព្រះ​អង្គ​ដោយ​ត្រង់​ៗ​តែ​ម្ដង​ថា យើង​ខ្ញុំ​ព្រះ​ករុណា​ពុំ​មាន​ដឹង​អ្វី​ទាល់​តែ​សោះ

គ្រាន់​តែ​ឮ​នាយ​នោះ​ឆ្លើយ​ថា មិន​ដឹង​ដូច្នោះ លោក​អាចារ្យ​និទស​កើត​ក្ដី​ពិរោធ​យ៉ាង​ខ្លាំង ។ លោក​អាចារ្យ​ក៏​តាំង​ស្រែក​គំហក​ទៅ​ចៅ​ទាំង​ពីរ​នាក់​ថាៈ

នែ​! អាក្មេង​ពេញ​ពាល​ទាំង​ពីរ​នាក់! ពួក​អាអ្ហែង​ហ្នឹង​មិន​ដឹង​ថា​ដី​រាង​មូល​ឬ​សំប៉ែត​ទេ​ឬ? អាអ្ហែង​ទាំង​ពីរ​នាក់​ឆ្ងល់​អី​ម្ល៉េះ​! អាអ្ហែង​ឃើញ​ឬ​ទេ គេ​គ្រប់​គ្នា​អង្គុយ​ត្រៀប​ត្រា​នៅ​ទី​នេះ គេ​សុទ្ធ​តែ​លើក​តម្កើង​ទស្សនៈ​របស់​អញ ។ គេ​មិន​មែន​ជា​មនុស្ស​ភ្លើ​មិន​ដឹង​អី​ដូច​ពួក​អាអ្ហែង​នេះ​ទេ ។ ហ៊ឹះ​! ពួក​អាអ្ហែង​នេះ​ថោក​ទាប​ណាស់​! មិន​គួរ​អី​មក​ដល់​ទី​នេះ​សោះ ៕ ចូរ​អ្ហែង​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទី​នេះ​ភ្លាម ទៅ​! មុន​នឹង​មក​ដល់​ទីនេះ អាអ្ហែង​ហេតុ​ដូច​ម្ដេច​បាន​ចា​មិន​ព្រម​សួរ​គេ​ឯង​ឲ្យ​ដឹង​ជា​មុន​សិន ថា​អញ​នេះ​ត្រូវ​ការ​អ្វី​ខ្លះ ។ អញ​ត្រូវ​ការ​តែ​មនុស្ស​ណា​ដែល​ចេះ​លើក​តម្កើង​យោបល់​អញ​តែ​ប៉ុណ្ណោះ​!។ មនុស្ស​ដូច​ពួក​អ្ហែង​នេះ អញ​ឥត​ត្រូវ​ការ​ទេ​ទៅ​! ចៀស​ចេញ​ឲ្យ​ឆាប់​ពី​ទី​នេះ!”

នាយ​ទាំង​ពីរ​នាក់​ភ័យ​ណាស់ ក៏​ប្រញាប់​រូត​រះ​ដើរ​ចេញ​មក​វិញ ។ ដល់​ទី​មួយ​ដ៏​សម​គួរ​ហើយ ទើប​នាយ​ទស និង​នាយ​ទែន​ជុំ​នុំ​ប្រឹក្សា​គិត​គ្នា​ថា យីហ្ន៎! លោក​អាចារ្យ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​គាត់​កាន់​អាកប្បកិរិយា​អី​បែប​ហ្នឹង​? សំដី​អញ្ចឹង​ៗ មិន​សម​អី​ជា​សំដី​របស់​អ្នក​ប្រាជ្ញ ឬ​បណ្ឌិត​ជា​អ្នក​ចេះ​ដឹង​នោះ​ទេ ។ អំពី​រឿង​ផែន​ដី វា​មាន​រាង​មូល ឬ​សំប៉ែត​នោះ នរណា​ហ្ន៎ ដូច​ជា​ពួក​យើង​នេះ​នឹង​អាច​ដឹង​បាន​! ។ គ្រាន់​តែ​យើង​ឆ្លើយ​ថា​មិន​ដឹង​ប៉ុណ្ណឹង ហេតុ​ម្ដេច​ក៏​បាន​ជា​គាត់​ខឹង​នឹង​យើង​ខ្លាំង​ម្ល៉េះ​ហ្ន៎​សំឡាញ់ ? អាចារ្យ​អី​របៀប​នេះ គឺ​ជា​មនុស្ស​ខ្វះ​វិចារណញ្ញាណ​ខ្លះ​សីលធម៌​ហួស​ពេក​ណាស់ ។ មើល​ទៅ យើង​មិន​អាច​ទៅ​រក​ពឹង​ពាក់​គាត់​បាន​ទេ ។ ទៅ​សម្លាញ់​! យើង​ទៅ​រក​លោក​អាចារ្យ​មួយ​ទៀត ហើយ​ប្រាកដ​ជា​លោក​មិន​កាន់​អាកប្បកិរិយា​លេលា​បែប​នេះ​ទេ ។ តាម​ធម្មតា ជន​ណា​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រូ​អាចារ្យ ជន​នោះ​ត្រូវ​តែ​ជា​អ្នក​មាន​ការ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ណាស់ ទាំង​ខាង​ផ្លូវ​លោក ក៏​ដូច​ជា​ខាង​ផ្លូវ​សីលធម៌ ហើយ​ក៏​ជា​អ្នក​អនុវត្ត​ខ្ជាប់​ខ្ជួន​នូវ​មាគ៌ា​ជា​កុសល​ទាំង​ពីរ​នេះ

លុះ​គិត​ឃើញ​ដូច្នោះ​ហើយ សម្លាញ់​ទាំង​ពីរ​នាក់ ក៏​ស្ម័គ្រ​ចិត្ត​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​សំណាក់​នៃ​អាចារ្យ​និទេស​ម្ដង ។ កាល​បើ​គេ​ទៅ​ដល់​ភ្លាម​ហើយ សម្លាញ់​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​ដើរ​ត្រសង​ចូល​ទៅ ព្រម​ដោយ​នូវ​កិរិយា​គោរព​រាបសា ដូច​កាល​នាយ​បាន​ធ្វើ​លើក​មុន​ជា​មួយ​អាចារ្យ​នឹង​ទស​នោះ​ដែរ ។ ស្រាប់​តែ​សម្លាញ់​ទាំង​ទ្វេ​ហារ ក៏​ត្រូវ​ទទួល​កា​ខក​ចិត្ត​មួយ​សា​ទៀត មិន​ខុស​ពី​លើក​មុន​ទេ គឺ​គេ​ត្រូវ​ទទួល​ពាក្យ​ចេរ​ប្រមាថ​កាត​ទៀន ដូច​កាល​ដែល​ពួក​គេ​ទៅ​ជួប​ជា​មួយ​នឹង​អាចារ្យ​និទស​ជញ្ជឹង​ដែរ ។ បទ​ពិសោធន៍​ទាំង​ពីរ​លើក​នេះ បាន​ធ្វើ​ឲ្យ​នាយ​យើង​ស្ថិត​នៅ​ក្នុង​ក្ដី​អស់​សង្ឃឹម ឲ្យ​ទៅ​ជា​កើត​មាន​អារម្មណ៍​ច្រឡំ​បល់​រក​គិត​អ្វី​មិន​យល់​ទាល់​តែ​សោះ ។ នៅ​ទី​បំផុត សម្លាញ់​ទាំង​ពីរ​ប្រាណ ក៏​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​គេ​រៀង​ៗ​ខ្លួន​វិញ​ទៅ​តាំង​ពាំ​នាំ​នូវ​ក្ដី​លោក​សៅ​យក​ទៅ​តាម​ផង ។

គ្រា​នោះ មាន​ភិក្ខុ​មួយ​អង្គ​ព្រះ​នាម​សុបក្សី​តាបស ។ ព្រះ​អង្គ​គង់នៅ​ក្នុង​អារាម​មួយ​ដ៏​ឆ្ងាយ​បន្តិច​ពី​ស្រុក​ភូមិ ដែល​ជា​ទី​កន្លែង​កំណើត​របស់​ព្រះ​អង្គ ។ ក្នុង​មួយ​ឆ្នាំ​ពីរ​ដង ឬ​ជូន​កាល​បី​ដង​ផង​មិន​ដែល​ខាន ព្រះ​អង្គ​តែង​តែ​និមន្ត​ទៅ​លេង​ស្រុក​កំណើត ដើម្បី​សាក​សួរ​សុខ​ទុក្ខ​ញោម​ប្រុស​ញោម​ស្រី ព្រម​តាំង​ញាតិ​សន្តាន​ជា​បង​ប្អូន​ជិត​ឆ្ងាយ​រៀង​អាយ ដែល​រស់​នៅ​ជាប់​ជា​ភូមិ​របង​ជា​មួយ ក្រែង​លោ​លោក​ទាំង​នោះ មាន​បើ​កើត​ហេតុ​ភេទ​មិន​ស្រួល​ដោយ​ប្រការ​ណា​មួយ ព្រះ​អង្គ​នឹង​អាច​ជួយ​យក​អាសា​បាន​ផង ។ ព្រះ​ភិក្ខុ​អង្គ​នេះ​ទ្រង់​បាន​បួស​រៀន​ចំរើន​ព្រះ​សម្មាបដិបត្តិ​អស់​កាល​ជា​យូរ​មក​ហើយ រហូត​ដល់​បាន​សំរេច​មគ្គផល​យ៉ាង​គាប់​ប្រសើរ ។ ព្រះ​អង្គ​បាន​ក្លាយ​ទៅ​ជា​ទី​ស្រឡាញ់ និង​ជា​ទី​គោរព​សក្ការៈ​នៃ​មនុស្ស​ម្នា​ផង​គ្នា​ជា​ទូទៅ ទាំង​ទី​ជិត​ឆ្ងាយ ។ ទ្រង់​ប្រកប​ដោយ​ព្រះ​គតិ​បណ្ឌិត សុច​រិត​ទៀង​ត្រង់ កាន់​សច្ច​ធម៌​ខ្ជាប់​ខ្ជួន​ព្រះ​អង្គ​តែង​តែ​ធ្វើ​វត្ត​ប្រតិបត្តិ ទាំង​ប្រោស​អស់​សព្វ​សត្វ​ទាំង​ឡាយ ណា ដែល​បាន​ចូល​អាត្មា​មក​សុំ​ជ្រក​កោន ឬ​សុំ​ពឹង​ពាក់​នៅ​ក្នុង​សំណាក់​របស់​ព្រះអង្គ ។

សម័យ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹក​ចង់​និមន្ត​ទៅ​លេង​ស្រុក​កំណើត​ដូច​សព្វ​ដង ។ ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ការ​ពិភាល់​ថា ឬ​មួយ​ក៏​បិតា ឬ​មួយ​ក៏​មាតា របស់​ព្រះ​អង្គ​ប្រហែល​ជា​មាន​ជំងឺ​តម្កាត់​អ្វី​មិន​លែង​ឡើយ ហើយ​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ទៅ​គង់នៅ​ក្បែរ ជួយ​មើល​ធួន​ថែ​ផង គ្រាន់​នឹង​បាន​ជា​ទី​ទុក​ចិត្ត ។ ទ្រង់​និមន្ត​កាត់​វាល​ចូល​ព្រៃ ឆ្លង​ស្ទឹង ឆ្លង​ព្រែក​ម្ដង​ៗ រំលង​អស់​ពេល​ទៅ​ដ៏​យូរ ។ នៅ​តាម​ផ្លូវ​ដែល​ព្រះ​អង្គ​ធ្លាប់​តែ​និមន្ត​ទៅ​ដូច​សព្វ​មួយ​ដង ទ្រង់​សប្បាយ​ព្រះ​ទ័យ​ជា​អនេក​និង​គយ​គន់​មើល​អស់​ទាំង​ព្រៃ​ព្រឹក្សា​លតាវល្លិ​ផង​ទាំង​ឡាយ ដែល​កំពុង​បែក​មែក​លាស់​ស្លឹក​ត្រសុំ​ត្រសាយ​សាខា ព្រម​ដោយ​នូវ​ផ្លែ​ផ្កា សាយ​ក្លិន​ពិដោរ​ក្រអូប​ភាយ​ម្ដង​ៗ គួប​ផ្សំ​នឹង​សូរស័ព្ទ បក្សា​បក្សី​ផង​យំ​ខ្ញៀវ​ខ្ញារ និង​ហិច​ហើរ​កំសាន្ត​លែង​សប្បាយ​ជា​មួយ​គូ​វា ហាក់​បី​ដូច​ជា​សត្វ​សត្វ​ទាំង​ឡាយ​នោះ កំពុង​សំដែង​ស្វាគមន៍​ចំពោះ​ដំណើរ​និមន្តន៍​មក​ដល់​របស់​ព្រះ​អង្គ​ដែរ ។ រី​ឯ​អស់​ពួក​សត្វ​ចតុប្បាទ ទ្វេ​បាទ​ឯទៀត​ៗ មាន​ទន្សោង ប្រើស​ក្ដាន់, រមាស, រមាំង, ស្ទាំង, ក្ងោក, ប៉ោល​តោក ខ្លែង ត្មាត ចចាត ទទា មាន់​ទោ មាន់​ទឹក ប្រវឹក ជា​ដើម នាំ​គ្នា​ឈរ​ដកក​រហង់ ឬ​ហើរ​សម្លឹង​មើល​មក​ព្រះ​អង្គ ក្នុង​កិរិយា​មួយ​ដែល​ហាក់​ដូច​ជា​រាប់​អាន ឬ​ធ្លាប់​ស្គាល់​ព្រះ​អង្គ​ថា​ជា​មិត្ត រួម​ជីវិត​ជា​មួយ​គ្នា ។ មិន​ដែល​មាន​សត្វ​សាហាវ​ឯ​ណា​ប៉ុន​ប៉ង​ប្រាថ្នា​យា​យី​ព្រះ​អង្គ ដល់​ម្ដង​សោះ​ឡើយ ។

លុះ​ដល់​វេលា​រសៀល​ជ្រាល​ជ្រេ​ព្រះ​សុរិយា​បន្តិច​មក ខណៈ​ដែល​ព្រះអង្គ​កំពុង​ឆ្លង​កាត់​ព្រៃ​ស្រោង​យ៉ាង​ធំ​មួយ ដែល​មាន​ល្បះ​ដុះ​ដោយ​ដុំ​ៗ ព្រះ​អង្គ​ស្រាប់​តែ​ពើប​ប្រទះ​នឹង​ពួក​ចោរ​ប្រាំ​រយ​នាក់ ដែល​កំពុង​នាំ​គ្នា​បំពេញ​ផែន​ការ​របស់​គេ ។ ពួក​ចោរ​ទាំង​ប្រាំ​រយ​នាក់​នោះ កំពុង​បើក​អង្គ​ប្រជុំ​ក្រោម​អធិបតីភាព និង​ក្រោម​បញ្ជាការ​របស់​មេ​ពួក​គេ​ម្នាក់ ។ គឺ​គេ​ប្រជុំ​អំពី​ការ​អនុវត្ត​នូវ​ផែន​ការ​ប្លន់​សំរាប់​វេលា​យប់​នោះ ឯង ។ កាល​បើ​ពួក​វា​បាន​ឃើញ​ព្រះ​មហាសុបក្សី​និមន្ត​មក​ដល់​ហើយ មេ​របស់​ពួក​វា​ក៏​បញ្ជា​ឲ្យ​ឃាត់​ព្រះ​អកង្គ​ទុក​សិន ដើម្បី​នឹង​សាក​សួរ​ចម្លើយ ។ ពួក​ចោរ​ចង់​ដឹង​ណាស់​ថា តើ​ភិក្ខុ​អង្គ​នេះ​ត្រូវ​និមន្ត​ទៅ​ណា​មក​ណា​អញ្ចេះ ក៏​ជួន​នឹង​បាន​មក​ដល់​ទី​នេះ​នឹង​គេ​ដែរ ។ ដោយ​ហេតុ​តែ​ពួក​គេ​កើត​ការ​ងឿង​ឆ្ងល់ លាយ​ឡំ​ទៅ​ដោយ​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ពន់​ពេក ទើប​មេ​ចោរ នឹង​កូន​ចោរ​ទាំង​ប្រាំ​រយ​នាក់​សំរេច​គ្នា​ថា ត្រូវ​តែ​បង្ខាំង​ព្រះ​អង្គ​ទុក​មួយ​អន្លើ​សិន មិន​ទាន់​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​និមន្ត​ជា​បន្ត​ទៅ​ទៀត​ឡើយ ។ លុះ​ព្រះ​អង្គ​គង់​ស្រួល​បួល​ហើយ មេ​ចោរ​ក៏​ប្រញាប់​សួរ​ទៅ​ព្រះ​អង្គ​ថាៈ

នែ​! ព្រះ​ស្ដែង​ឯង​ទៅ​ណា​មក​ណា ទើប​បាន​ជា​មក​ដល់​ទី​នេះ នឹង​គេ​ដែរ​អ្ហ៎ាស ? ព្រះ​ស្ដែង​ឯង​មាន​ការ​អ្វី​ខ្លះ​ទៅ ទើប​បាន​ជា​ខំ​ដើរ​អី​ដូច​ជា​រូតរះ​ខ្លាំង​ម្ល៉េះ ? ចូរ​ព្រះ​ស្ដែង​ប្រាប់​យើង​ឲ្យ​ត្រង់​មក​មើល ។

ព្រះ​មហា​សុបក្សី ក៏​មាន​ពុទ្ធដីការ​ប្រាប់​ការ​ពិត​ដល់​ពួក​ចោរ អំពី​មូល​ហេតុ​និង​ទី​ដៅ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ព្រះអង្គ ។ លុះ​ពួក​ចោរ​ទាំង​ប្រាំ​រយ​នាក់​ស្ដាប់​ឮ​ជាក់​នូវ​ពុទ្ធ​ដីកា​នេះ​ហើយ មេ​ចោរ​ក៏​ទូល​តប​ទៅ​ព្រះ​អង្គ​វិញ​ភ្លាម​ថាៈ

ពួក​យើង​មាន​ផែន​ការ​នឹង​ទៅ​ប្លន់​នៅ​ក្នុង​ស្រុក​ភូមិ​កំណើត​របស់​ព្រះ​ស្ដែង​នេះ​ឯង​ក្នុង​យប់​នេះ នា​វេលា​មុន​ពាក់​កណ្ដាល​អាធ្រាត្រ​បន្តិច ។ យើង​មាន​គ្នា​ប្រាំ​រយ​នាក់ ដូច​ព្រះ​ស្ដែង​បាន​ឃើញ​ស្រាប់​ហើយ ។ យើង​មិន​អាច​ផ្លាស់​ប្ដូរ​កម្មវិធី​របស់​យើង​បាន​ទេ​ណា៎ ព្រោះ​ថា ផែនការ​នឹង​ត្រូវ​អនុវត្ត​នៅ​វេលា​ល្ងាច​នេះ យើង​បាន​រៀបចំ​រួច​រាល់​ស្រេច​បាច់​អស់​ហើយ មាន​ការ​បែង​ចែក​ការ​ងារ​ឲ្យ​ទទួល ខុស​ត្រូវ​ទៅ​តាម​ភូមិ​សាស្ត្រ និង​តាម​មុខ​នា​ទី​រៀង​ៗ​ខ្លួន ។ អាស្រ័យ​ដោយ​មូល​ហេតុ​ដូច​យើង​បាន​ជម្រាប​ជូន​អម្បាញ់​មិញ​នេះ ព្រះ​ស្ដែង​គួរ​តែ​យល់​ហើយ​ថា ព្រះ​ស្ដែង​ឯង​ត្រូវ​តែ​នៅ​ទី​នេះ រហូត​ដល់​ពេល​ដែល​យើង​សំរេច​បាន​នូវ​ផែន​ការ​របស់​យើង​រួច​រាល់​អស់​សិន ទើប​យើង​ព្រម​អនុញ្ញាត​ឲ្យ​ព្រះ​ស្ដែង បន្ត​ដំណើរ​ទៅ​មុខ​ទៀត ។ ប្រសិន​បើ​យើង​ដោះ​លែង​ឲ្យ​ព្រះ​ស្ដែង​ទៅ​នៅ​ពេល​នេះ ច្បាស់​ជា​ផែន​ការ​ដ៏​ធំ​របស់​ពួក​យើង​នឹង​ត្រូវ​ទទួល​បរាជ័យ​ទាំង​ស្រុង​តែ​ម្ដង ។ ព្រះ​ស្ដែង​ឯង​ប្រាកដ​ជា​ទៅ​ប្រាប់​អស់​ទាំង​បង​ប្អូន ញាតិ​ញោម អ្នក​ស្រុក អ្នក​ភូមិ​ផង ឲ្យ​គេ​ដឹង​ជា​មុន​ពី​ផែន​ការ​របស់​យើង ។ អ្នក​ទាំង​នោះ​ឯង គេ​ច្បាស់​ជា​រៀបចំ​ផែន​ការ​ទប់​ទល់​របស់​គេ គឺ​គេ​ច្បាស់​ជា​ចាំ​ត​តាំង​ប្រឆាំង​និង​យើង​ជា​មិន​ខាន ។ បើ​ពួក​គេ​បាន​ដឹង​ពី​ផែន​ការ​របស់​យើង​ជា​មុន​នោះ ពួក​គេ​ប្រាកដ​ជា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​កំទេច​ផែនការ​របស់​យើង ហើយ​ពួក​គេ​នឹង​កំទេច​បាន​ដោយ​ងាយ​ទៀត​ផង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្នី​គ្នា​របស់​យើង​ទៀត​ផង ជា​មិន​ខាន

កាល​បើ​បាន​ឮ​បញ្ជា​ដាច់​ណាស់​របស់​មេ​ចោរ​ហើយ ព្រះ​មហាសុបក្សី​តាបស ក៏​ប្រញាប់​ឆ្លើយ​អង្វរ​ទៅ​មេ​ចោរ​នោះ ដោយ​ព្រះ​ពុទ្ធដីកា​យ៉ាង​រាប​សារ​ថាៈ

អាត្មា​ភាព​ត្រូវ​ទៅ​មើល​ញោម​ប្រុស​ញោម​ស្រី ដែល​កំពុង​ដល់​នូវ​ក្ដី​ចាស់​ជរា ពី​ព្រោះ​អ្នក​មាន​គុណ​ទាំង​ពីរ​អង្គា​ប្រហែល​ជា​កំពុង​មាន​ជំងឺ​តម្កាត់​ផង​ក៏​មិន​ដឹង ។ រំលង​កាល​ជា​ច្រើន​ខែ​មក​ហើយ អាត្មា​ចេះ​តែ​រវល់​ជា​ច្រើន​ពន់​ពេក នឹង​ឆ្លៀត​ឱកាស​ផង​ក៏​មិន​បាន ។ ទើប​តែ​ឥឡូវ​នេះ អាត្មា​អាច​ឆ្លៀត​ពេល​បាន ក៏​គិត​ថា​អាត្មា​ត្រូវ​តែ​ប្រញាប់​ប្រញាល់​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​គុណ ។ អាត្មា​សំរេច​ថា​ត្រូវ​តែ​ទៅ​ឲ្យ​ទាន់​មុន​ពេល​ព្រះ​សុរិយា​លិច ព្រោះ​អី​អាត្មា​ហាក់​ដូច​ជា​មាន​ប្រផ្នូល​មិន​ល្អ​សោះ​ថា ញោម​របស់​អាត្មា​មិន​សូវ​ជា​នា​ទេ ហើយ​លោក​កំពុង​ត្រូវ​ការ​រូប​អាត្មា​ជា​បន្ទាន់​ណាស់ ។ ការ​ឃាត់​ឃាំង​មិន​ឲ្យ​អាត្មា​ទៅ​នៅ​ក្នុង​ពេល​នេះ វា​ធ្វើ​ឲ្យ​អាត្មា​កើត​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង ឡើង​ពេក​ណាស់​ណា៎​លោក​នាយ និង​អស់​លោក​ទាំង​អស់​គ្នា ។ អាស្រ័យ​ហេតុ​នេះ សូម​អស់​លោក​មេត្តា​អនុគ្រោះ​ដល់​អាត្មា​ផង

មេ​ចោរ​ស្ដាប់​ឮ​ហើយ​ក៏​ឆ្លើយ​ភ្លាម​ឡើង​ថាៈ

ទេ​! មិន​បាន​ទេ​! បើ​យើង​បើក​ឲ្យ​ព្រះ​ស្ដែង​ទៅ​នោះ គឺ​ច្បាស់​ជា​បែក​ការ ។ វា​ប្រាដក​ជា​គ្មាន​មូល​ហេតុ​ឯ​ណា ដែល​ថា​ព្រះ​ស្ដែង​មិន​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ស្រុក​ភូមិ​ផង បង​ប្អូន ញាតិ​សន្តាន​ព្រៀងលាន ឲ្យ​គេ​បាន​ដឹង​ជា​មុន​អំពី​គម្រោង​ការ​ប្លន់​របស់​យើង​នោះ​ទេ ។ មិន​ដែល​មាន​នរណា​ឡើយ ដែល​បាន​ដឹង​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ ថា​នឹង​មាន​គេ​ទៅ​ព្យាបាល​ឪពុក​ម្ដាយ និង​ញាតិ​សន្តាន​របស់​ខ្លួន នៅ​វេលា​ល្ងាច​នេះ ហើយ​ខ្លួន​មិន​បា្រប់​ពី​ការ​ពិត​ឲ្យ​បង​ប្អូន​របស់​ខ្លួន​ទាំង​នោះ​បាន​សេង​ជា​មុន​ ដើម្បី​ឲ្យ​គេ​អាច​ប្រៀប​ប្រុង​បាន​ទាន់​សភាពការណ៍​នោះ​ទេ ។ នែ, ព្រះ​ស្ដែង​អើយ​! ចូរ​រង់​ចាំ​នៅ​ទី​នេះ​ឯង​សិន​ចុះ លុះ​ដល់​ព្រឹក​ស្អែក​នេះ​ឯង សឹម​ព្រះ​ស្ដែង​បន្ត​ដំណើរ​ទៅ​ទៀត

ព្រះ​អង្គ​ឈ្វេង​យល់​ថា បើ​ព្រះ​អង្គ​នៅ​តែ​ទទូច​អង្វរ​សុំ​សេចក្ដី​អនុគ្រោះ​ពី​មេចោរ​នោះ​ដោយ​ត្រង់​ៗ ទទេៗ គឺ​ដោយ​ពុំ​មាន​ដាក់​លក្ខខ័ណ្ឌ អ្វី​សោះ​នោះ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ​ចំពោះ​ព្រះ​អង្គ ។ ព្រះ​មហាសុបក្សី ក៏​មាន​ពុទ្ធដីកា​សាក​ល្បង​អង្វរ​ករ​ទៅ​មេ​ចោរ​ម្ដង​ទៀត ។ លើក​នេះ ព្រះ​អង្គ​មាន​ភ្ជាប់​នូវ​ការ​សន្យា​ជា​ឧឡារិក​ជា​មួយ​មេ​ចោរ​ថាៈ

អាត្មា​នឹង​មិន​ផ្សព្វ​ផ្សាយ​ឲ្យ​នរណា​ដឹង​អំពី​រឿង​ប្លន់​នេះ​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​ញាតិ​សន្តាន សូម្បី​តែ​មាតាបិតា​បង្កើត​របស់​អាត្មា​នោះ ក៏​ឥត​អង្គឺ​មាន​ឡើយ ។ សូម​លោក​នាយ​ទុក​ចិត្ត​ចុះ នេះ​គឺ​ជា​ពាក្យ​ពិត​របស់​អាត្មា​ដែល​ជា​សង្ឃ ។ អាត្មា​មាន​ពុទ្ធដីកា​ដោយ​ស្មោះ​ត្រង់​ពិត​ៗ ឥត​ភូត​ភរ​ទេ សូម​លោក​នាយ​ជឿ​ចុះ​

តាម​ធម្មតា មេ​ចោរ​នោះ មិន​ដែល​យក​អង្វរ​នរណា​ដល់​ម្ដង​ទេ ។ ស្រាប់​តែ​នៅ​ក្នុង​ពេល​នេះ​ឯង​ជួន​ជា​ដោយ​ចៃដន្យ​អ្វី​ម្ល៉េះ ទើប​បាន​ជា​ព្រហ្មលិខិត​បណ្ដាល​ចិត្ត​មេចោរ​ឲ្យ​យល់​ព្រម​តាម​លក្ខខណ្ឌ​របស់​ព្រះ​អង្គ ។ ប៉ុន្តែ​ដើម្បី​ឲ្យ​កាន់​តែ​ប្រាកដ​ថែម​ទៀត មេ​ចោរ​បាន​ដាក់​លក្ខខណ្ឌ​ពី​លើ​នោះ​ជា​បន្ថែម​ថាៈ

អើ​! តើ​នេះ​វា​ប្រាកដ​ដូច​ព្រះ​ស្ដែង​ពោល​ចេញ​មក​ឬ? បើ​ពិត​ដូច្នេះ​ព្រះ​ស្ដែង​ហ៊ាន​ធ្វើ​ឲ្យ​បែក​ការ យើង​ទាំង​អស់​គ្នា​នឹង​មិន​ព្រម​អនុគ្រោះ​ទោស​ឲ្យ​ព្រះ​ស្ដែង​ជា​ដាច់​ខាត គឺ​យើង​នឹង​សម្លាប់​ព្រះ​ស្ដែង​ចោល ព្រម​ជា​មួយ​នឹង​ញោម​ញាតិ​សាច់​សារ​លោហិត​របស់​ព្រះ​ស្ដែង​ឯង​ផង ឥត​មាន​ឲ្យសល់​ដល់​ម្នាក់​ណា​ឡើយ ។

មេ​ចោរ​ដាក់​លក្ខខណ្ឌ​នេះ​ឡើង ពី​ព្រោះ​វា​យល់​ដោយ​ប្រាកដ​ក្នុង​ខ្លួន​វា​ថា ព្រះ​មហាសុបក្សី​នេះ ព្រះ​អង្គ​ច្បាស់​ជា​មិន​ហ៊ាន​ទទួល​យក​ទេ ។ ប៉ុន្តែ​វា​ផ្ទុយ​ពី​ការ​ស្រម៉ៃ​របស់​មេ​ចោរ​ទៅ​វិញ ព្រះ​មហាសុបក្សី​ជា​អ្នក​ធ្វើ​វត្ត​ប្រតិបត្តិ កាន់​សីល​កាន់​សច្ចធម៌ ដ៏​ខ្ជាប់​ខ្ជួន​មួន​មាំ​ណាស់ ព្រះ​អង្គ​មិន​អាច​ប្រែ​ក្រឡាស់​ពាក្យ​សន្យា ព្រះ​អង្គ​មិន​ដែល​រួញ​រា​ដល់​ម្ដង​ណា​ទ នៅ​ចំពោះ​មុខ​ការ​ពោល​ពាក្យ​សច្ចៈ​ចេញ​រួច​មក​ហើយ​នោះ ពី​ព្រោះ ព្រះ​អង្គ​តែង​តែ​ចិញ្ចឹម​អារម្មណ៍​ទុក​ជា​រៀង​រហូត​មក​ថា នរជន​ណា​មិន​កាន់​ពាក្យ​សច្ចៈ ហើយ​បំពារ​បំពាន​ពាក្យ​សន្យា នរជន​នោះ​ឯង​កុំ​មាន​សេចក្ដី​ថ្លៃ​ថ្នូរ​គឺ​ពុំ​ប្រកប​ដោយ​កិត្តិយស​ទេ ។ ព្រះ​អង្គ​ក៏​មាន​ពុទ្ធ​ដីកា​ទាំង​ទឹក​ព្រះ​ទ័យ​ដ៏​ជ្រះ​ស្រឡះ​ឆ្លើយ​តប​ទៅ​មេ​ចោរ​វិញ​ថាៈ

ពរ, ជា​ការ​ប្រាកដ​ណាស់​! អាត្មា​ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​លោក​នាយ ដោយ​អាត្មា​សុំ​កុំ​ឲ្យ​អស់លោក​អ្នក​ទាំង​អស់​មាន​ក្ដី​មន្ទិល​សង្ស័យ ឬ​សៅហ្មង​ដោយ​ប្រការ​ណា​មួយ​ឡើយ គឺ​ថា ល្គីក​ណា​តែ​អាត្មា​ហ៊ាន​ប្រាប់​នរណា ដោយ​ឲ្យ​លេច​ឮ​ពី​ផែនការ​របស់​លោក​នាយ​នោះ អាត្មា​សុខ​ចិត្ត​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​កំរិត​ដែល​ញោម​លើក​ឡើង​ទាំង​ប៉ុន្មាន​នេះ

កាល​បើ​ឮ​ពាក្យ​ប្ដេជ្ញា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បែប​នេះ​ហើយ មេ​ចោរ​ក៏​សួរ​ទៅ​កូន​ចោរ​ទាំង​អស់​គ្នា​ឲ្យ​បញ្ចេញ​ជា​មតិ​ឡើង ក្រែង​លោ​ក្នុង​ចំណោម​បរិវារ​របស់​គេ​មាន​នរណា​ម្នាក់ ឬ​ច្រើន​នាក់ មាន​បើ​មើល​ឃើញ​នូវ​ផល​វិបាក​មិន​ល្អ​ដោយ​ប្រការ​ណា​មួយ នោះ​គេ​ត្រូវ​តែ​ជួយ​ផ្ដល់​ជា​យោបល់​គ្នា តាម​បទ​បញ្ជា​ដែល​គេ​បាន​ចែង​ទុក​មក ។ ភាគ​ច្រើន​នៃ​កូន​ចោរ ហាក់​ដូច​ជា​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ពាក្យ​សន្យា​របស់​ព្រះ​ភិក្ខុ​អង្គ​នេះ ជា​ពិសេស​គឺ ដោយ​សារ​តែ​គេ​សំអាង​ទៅ​លើ​លក្ខខណ្ឌ​ដ៏​តឹង​រ៉ឹង​នោះ​ឯង។ នេះ​គឺ​ជា​បទ​ពិសោធន៍​លើក​ដំបូង​បង្អស់ របស់​ពួក​ចោរ​ទាំង​ប្រាំ​រយ​នាក់ ។ ពួក​គេ​ក៏​អនុញ្ញាត​ឲ្យ​ព្រះ​មហាសុបក្សី និមន្ត​ទៅ​កាន់​ស្រុក​កំណើត​របស់​ព្រះ​អង្គ តាម​សម្រួល​ទៅ ។

ព្រះ​អង្គ​និមន្ត​ទៅ​ដល់​ស្រុក​កំណើត​នៅ​វេលា​ល្ងាច​ត្រជាក់ ។ ព្រះ​អាទិត្យ​មិន​ទាន់​អស្ដង្គត​នៅ​ឡើយ​ទេ ។ ខ្យល់​ជំនោរ​បក​ជាប់​ជា​និច្ច​មិន​សូវ​ដាច់ នាំ​ទាំង​គន្ធពិដោរ​នៃ​រុក្ខ​ជាតិ​នានា​មក​ជា​មួយ​ផង ។ បក្សា​បក្សី​នាំ​គ្នា​ហើរ​ត្រសង​ត្រឡប់​ទៅ​រក​ទ្រនំ​រៀង​ៗ​ខ្លួន​វិញ ។ អ្នក​ស្រុក អ្នក​ភូមិ​ផង​ទាំង​ឡាយ ដែល​បាន​បញ្ចប់​ការ​ងារ នា​វេលា​ថ្ងៃ​រួច​ហើយ ក៏​ម្នីម្នា​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​ទី​ទៃ​ៗ រៀង​ៗ​ខ្លួន​វិញ​ដែរ ។

លុះ​និមន្ត​ដល់​ផ្ទះ​កំណើត​ហើយ ព្រះ​មហាសុបក្សី​ក៏​ប្រញាប់​ចូល​ទៅ​រក​អ្នក​មាន​គុណ​ទាំង​ពីរ ។ កាល​បើ​ឃើញ​ព្រះ​ភិក្ខុ​ជា​បុត្រ​និមន្ត​មក​ដល់​ហើយ ញោម​ប្រុស​ញោម​ស្រី​ដែល​កំពុង​ដល់​នូវ​ក្ដី​ជរា ក៏​ម្នីម្នា​ចេញ​មក​ទទួល ។ លោក​មាន​ជំងឺ​តម្កាត់​បន្តិច​បន្តួច​ផ្សំ​ផង​ក៏​ដោយ​សារ​តែ​ជរាភាព ។ ប៉ុន្តែ ការ​និមន្ត​មក​នៃ​បុត្រ​ជា​ទី​ស្នេហា បាន​ញ៉ាំង​ឲ្យ​ជន​ជរា​កើត​ចិន្តា​រីករាយ​យ៉ាង​ខ្លាំង រហូត​ដល់​មាន​កម្លាំង​ពលំ ស្រួល​បួល​បរិបូណ៌​ឡើង​វិញ ។ លោក​ក៏​រៀបចំ​ទទួល​អ្នក​មាន​សីល​ទាន​ដោយ​សម​គួរ​ទៅ​តាម​ទំនៀម​ទម្លាប់​ធម្មតា ។ ញាតិការ​ព្រៀងលាន​ទាំង​អម្បាល​ម៉ាន កាល​បើ​បាន​ជ្រាប​ហើយ​ក៏​នាំ​គ្នា​មក​ដល់​ជា​បន្ត​បន្ទាប់ មុន​ក្រោយ​ជា​លំដាប់​លំដោយ​តាម​នៅ​ជិត និង​នៅ​ឆ្ងាយ ។ ការ​ជួប​ជុំ​គ្នា​ដោយ​ឥត​បាន​គ្រោង​ទុក​ជា​មុន​នោះ បាន​ក្លាយ​ទៅ​ជា​ពិធី​អធិកអធម​មួយ​យ៉ាង​សប្បាយ សម្រាប់​ប្រជាជន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ។ យ៉ាង​ធំ​ធេង ។ ពុទ្ធបរិស័ទ​ទាំង​អស់​ចាត់​ទុក​ពេល​នេះ ថា​ជា​ឱកាស​មួយ​ដ៏​ល្អ​ពិសេស​កម្រ​មាន ។ គេ​ក៏​សំរេច​និមន្ត​ព្រះ​មហាសុបក្សី​ឲ្យ​សូត្រ​ជយន្តោ​ប្រសិទ្ធិ​ពរ​ប្រស់​ព្រំ​ព្រម​ដោយ​មាន​ការ​បាច​ទឹក​មន្ត​ផង ។ លុះ​ពិធី​នេះ​កន្លង​ផុត​ទៅ ក៏​មាន​ការ​ចាប់​ផ្ដើម​នូវ​ការ​សំណេះ​សំណាល​លេង​ពី​នេះ​ពី នោះ​បន្ត​ទៅ​អស់​មួយ​រយៈ​ទៀត ដែល​ជា​ធម្មតា​គេ​ចូល​ចិត្ត​ពិភាក្សា​ពី រឿង​ផ្សេង​ៗ ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ព្រះ​ពុទ្ធ​សាសនា ។ ពុទ្ធ​មា​មក​ជន​ទាំង​ឡាយ មាន​ចិត្ត​ជ្រះ​ថ្លា​រីក​រាយ​ពន់​ប្រមាណ​ណាស់ ។

យប់​កាន់​តែ​ជ្រៅ ។ ពួក​ពុទ្ធបរិស័ទ​ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​មហាសុបក្សី​ ដើម្បី​ទៅ​រក​សម្រាក​នៅ​តាម​ផ្ទះ​សម្បែង​ជា​បន្ត​បន្ទាប់​គ្នា​តែ​រៀង​ៗ​ខ្លួន ។ គឺ​ជា​រាត្រី​មួយ​យ៉ាង​ស្ងាត់​ជ្រងំ​ក្នុង​ដើម​រនោច ។ មេឃ​ភ្លឺ​ស្រឡះ​យ៉ាង​ច្បាស់ ។ តារា​រះ ព្រោង​ព្រាត ហាក់​បី​ដូច​ជា​ពន្លឺ​ទៀន​រាយ​ប៉ាយ​រាប់​សែន​រាប់​លាន​ដើម ។ មនុស្ស​ម្នា​ផង​គ្នា​បាន​និទ្រា​លង់​លក់​សែន​ស្កប់​ស្កល់ ជម្រះ​អស់​ក្ដី​អំពល់ ក្ដី​ហត់នឿយ​ពី​វេលា​ថ្ងៃ ។ ដូច​តែ​សព្វ​មួយ​ដង​ដែរ ពុំ​មាន​សញ្ញា​អ្វី​ដែល​បង្ក​ឲ្យ​គេ​មាន​ការ​នឹក​ភ័យ​ព្រួយ ឬ​ឲ្យ​គេ​បារម្ភ​ឡើយ ។ សត្វ​ពាហណៈ មាន​គោ ក្របី ដំរី សេះ លា ជា​ដើម ក៏​វា​នាំ​គ្នា​សម្រាក​បំបាត់​ការ​នឿយ​ហត់​នា​វេលា​ពី​ថ្ងៃ ដើម្បី​យក​កម្លាំង​សំរាប់​ធ្វើ​ការ​ងារ នៅ​វេលា​ថ្ងៃ​ស្អែក​ទៀត ។ រី​ឯ​សុនខ​នៅ​គ្រប់​ផ្ទះ​ក៏​មិន​ឮ​ព្រុស ឬ​លូ បន្តិច​សោះ​ឡើយ ។ សត្វ​លោក​គ្រប់​គ្នា​លក់​ក្នុង​និទ្រា​ដូច​ត្រូវ​សណ្ដំ ។ សូម្បី​តែ​ព្រះ​មហាសុបក្សី ក៏​ព្រះ​អង្គ​កំពុង​សឹង​លក់​ពេញ​ល្បក់​សែន​សុខ​ក្នុង​អារម្មណ៍ ដូច​អស់​ទាំង​ញាតិ​ញោម​ឯ​ទៀត​ដែរ​ម្យ៉ាង​ដោយ​សារ​វេលា​យប់​យន់​នោះ ក៏​កាន់​តែ​ជ្រៅ ថែម​ទាំង​ត្រូវ​នឹង​ខ្យល់​ជំនោរ​បរិសុទ្ធ​ហើយ​ៗ​បក់​មក​ម្ដង​ៗ កាន់​តែ​បន្ថែម​ឲ្យ​ស្រួល​ដំណេក​ផង ហើយ​ម្យ៉ាង​ទៀត​គឺ​ដោយ​សារ​ព្រះ​អង្គ​នឿយ​ហត់​នឹង​ដំណើរ​តាម​ផ្លូវ​ឆ្ងាយ កាល​ពី​វេលា​ថ្ងៃ​នោះ​ផង ។

រាត្រី​កាល​ចេះ​តែ​កន្លង​ទៅ នាំ​ទាំង​តារា​ករចរ​ទៅ​ជា​មួយ​ដោយ​សន្សឹម​ៗ​ផង​ដែរ ។ បើ​គេ​គយ​គន់​មើល​ទៅផ្កាយ​យាម ឬ​ផ្កាយ​សេះ ឬ​ផ្កាយ​កូន​មាន់ គេ​អាច​សន្និដ្ឋាន​បាន​តាម​ការ​ចំណាំ​នា​រដូវ​នោះ​ថា វេលា​អធ្រាត្រ​ជិត​មក​ដល់​ហើយ ។ យូរ​ៗ​គេ​ឬ​សូរ​បក្សី​រាត្រី​ចរ មាន​ខ្លែង​ស្រាក លលក​ខ្មោច ទី​ទុយ មៀម​ជា​ដើម យំ​ម្ដង​ៗ ឬ​ជួន​កាល​នៅ​ឯ​លើ​មេឃ​ខ្ពស់​ឆ្ងាយ គេ​ឃើញ​អាចន៍​ផ្កាយ​ហោះ​បាន​តែ​មួយ​ប៉ប្រិច​ភ្នែក រួច​ហើយ​ក៏​បែក​ជា​ពន្លឺ​ខ្ចាយ​រលាយ​បាត់​ទៅ ។ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​ចោរ​កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​ស្ងៀម​ស្ងាត់ ក្នុង​ស្មារតី​សែន​ប្រុង​ប្រយ័ត្ន ទាំង​ប្រកប​ដោយ​របៀប​រៀប​រយ​គួរ​ឲ្យ គយ​គន់ និង​ឲ្យ​កោត​សរសើរ ។ ពួក​គេ​បាន​សំរេច​ចិត្ត​រួច​ហើយ​ថា ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក៏​ព្រះ​មហា​ឥសី​អង្គ​នេះ ត្រូវ​តែ​ក្បត់​ពាក្យ​សន្យា​ដោយ​ចៀស​មិន​ផុត​ដែរ ។ ពួក​គេ​បាន​ប្ដេជ្ញា​យ៉ាង​ម៉ឺង​ម៉ាត់​ហើយ​ថា ពួក​គេ​ត្រូវ​តែ​ឆក់​ប្លន់​យក​របស់​ទ្រព្យ​ណា​ដែល​មាន​តម្លៃ​ឲ្យ​បាន​ច្រើន​បំផុត រួច​ហើយ​សឹម​នាំ​ជន​ក្បត់​ទៅ​កាត់​ទោស នៅ​ចំពោះ​មុខ​បង​ប្អូន​សាច់​ញាតិ​ព្រៀងលាន​របស់​គេ​ទាំង​អស់​គ្នា ដើម្បី​ទុក​ជា​មេ​រៀន​សម្រាប់​ឲ្យ​អ្នក​ទាំង​អស់​នោះ​ចង​ចាំ ។ ពួក​ចោរ​ទាំង​ប្រាំ​រយ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ មាន​ជា​អាទិ៍ កាំបិត​កៃ ពូថៅ កាំបិត​ខ្វែវ កាំបិត​ផ្គាក់ ដាវ ព្រម​ដោយ​នូវ​ព្រួញ​ស្នា ដ៏​មាន​មុខ​ស្រួច​ភ្លឺ​ថ្លា​មុត​ពន់​ពេក គួរ​ឲ្យ​ខ្លាច ។

គឺ​នៅ​ពេល​ជិត​អធ្រាត្រ​នោះ​ឯង​ហើយ ដែល​ព្រឹត្តិការណ៍​ដ៏ គួរ​ឲ្យ​តក់​ស្លុត​រន្ធត់​នោះ​ចាប់​ផ្ដើម ។ គេ​ស្រាប់​តែ​ឮ​សូរ​សម្រែក​សន្ធាប់​ផ្ទុះ​ឡើង បំបាត់​សភាព​ស្ងប់​ស្ងាត់​នៃ​រាត្រី​កាល ។ ព្រម​ពេល​គ្នា​នោះ សុនខ​ទាំង​ឡាយ​ក៏​ព្រុស​ទ្រហឹង​អឺង​កង, ឯ​ពួក​ចោរ​ក៏​សំរុក​ចូល​មក​ដល់​ទី​ដៅ​រៀង​ៗ​ខ្លួន​រួច​ជា​ស្រេច ។ រំពេច​នោះ ពួក​វា​បន្ត​ស្រែក​សន្ធាប់​កាន់​តែ​ញាប់​ឲ្យ​ម្ចាស់​ផ្ទះ​បើក​ទ្វារ ។ ខ្លះ​ទៀត យក​ជើង​ធាក់​ទ្វារ ម្នីម្នា​ចូល​ឲ្យ​បាន​ឆាប់​ដល់​ខាង​ក្នុង​ផ្ទះ ។ អស់​ទាំង​អ្នក​ស្រុក​អ្នក​ភូមិ​ផង មិន​ថា​ប្រុស​ស្រី​ក្មេង​ចាស់​ដែល​កំពុង​ដេក​លក់​នៅ​តាម​ផ្ទះ​នីមួយ​ៗ កាល​បើ​ត្រូវ​ភ្ញាក់​កន្ទ្រាក់​អារម្មណ៍​ដោយ​សារ​សំឡេង​ក្តុងក្ដាំង និង​សម្រេក​សន្ធាប់​ទាំង​អស់​នេះ ក៏​ភ្ញាក់​ទាំង​សើង​មម៉ើង រួច​ក្រោក​ផ្អើល​ឆោឡោ​ឡើង​ជា​កិលាហល​រចល់ លាយ​ដោយ​ការ​ភ័ន្ត​ភាំង​និង​ភិត​ភ័យ ព្រោះ​មិន​ទាន់​ដឹង​ការ​ពិត​ភ្លាមៗ ថា​មាន​រឿង​ហេតុ​អ្វី​ដែល​កំពុង​កើត​ឡើង​នេះ​ទេ ។ ក្មេង​ក្មាង​ដែល​ភ័យ​ភិត​និង​ព្រឹត្តការណ៍​នេះ ក៏​តាំង​ស្រែក​ទ្រហោយំ​ជា​ខ្លាំង ក្មេង​ខ្លះ​ខ្លាច​ពេក​ក៏​យំ​ឡើង​គាំង ឥត​ទាំង​មាន​នរណា​រក​ឱកាស​និង​លួង​លោម​វា​បាន​ឡើយ ។ នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ ជា​ធម្មតា គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ទេ ។ រី​ឯ​មាគ៌ា​តែ​មួយ​គត់ សម្រាប់​អ្នក​រង​គ្រោះ​ត្រូវ​ជ្រើស​រើស​យក​នៅ​ពេល​នោះ គឺ​មាន​តែ​ការ​ចុះ​ចាញ់ និង​ការ​ចុះ​ចូល ហើយ​បណ្ដោយ​ឲ្យ​ពួក​ចោរ​ប្រមូល​យក​អស់​របស់ទ្រព្យ​ជា​ទី​គាប់​ចិត្ត មាន​ជា​អាទិ៍​គឺ លុយ​កាក់ មាស​ប្រាក់ កែវ​កង ព្រម​ដោយ​នូវ​សំពត់​អាវ​សាវ​ស្បៃ​ផង ដែល​ប្រជាជន​ស្លូត​ត្រង់​យើង​ខំ​សន្សៃ​សន្សំ​ទុក​រាល់​ឆ្នាំ រាប់​តំណម​មក​ហើយ​ប៉ុណ្ណោះ​ទេ​ ។ អ្នក​រង​គ្រោះ​ទាំង​អស់​បាន​ត្រឹម​តែ​អង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ពួក​ចោរ​ហា​រយ ដើម្បី​កុំ​ឲ្យ​តែ​គេ​ធ្វើ​បាប​ដល់​រាងកាយ​របស់​ខ្លួន តែ​ប៉ុណ្ណោះ​ឯង ។ មិន​ថា​ឡើយ​តែ​មនុស្ស​ម្នា​ទេ សូម្បី​តែ​សត្វ​ពាហនៈ​ក៏​ភ័យ​ផ្អើល​ឆោឡោ ខ្លះ​បុក​ក្រោល​ឃ្នង ខ្លះ​ទៀត​រត់​ទម្លាយ​របង រំលង​ហួស​ទៅ​ដល់​វាល​ស្រែ​ប្រាស​យក​តែ​អាយុ យក​រួច​ខ្លួន​ទីទៃ​ៗ តែ​រៀង​ខ្លួន​ដែរ ។

អំពើ​ឆក់​ប្លន់​នោះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​វេលា​មួយ​សន្ទុះ​ធំ ។ បន្ទាប់​មក ពួក​ចោរ​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​កន្លែង​មួយ​ចំកណ្ដាល​ភូមិ ។ ពួក​វា​មាន​នាំ​ទាំង​មនុស្ស​សំខាន់​ៗ​ដែល​ពួក​វា​គ្រោង​ចាប់​នោះ មក​ជា​មួយ​ផង ក្នុង​នោះ​ក៏​មាន​ទាំង​ព្រះ​មហាសុបក្សី​តាបស និង​ញោម​ប្រុស​ញោម​ស្រី​របស់​ព្រះ​អង្គ​ដែរ ។ មេ​ចោរ​បាន​បញ្ជា​ឲ្យ​កូន​ចោរ​ដាក់​អ្នក​ជាប់​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​អង្គុយ​ជុំ​គ្នា​មួយ​កន្លែង​រី​ឯ​កូន​ចោរ​ទាំង​ប្រាំ​រយ​នាក់​ត្រូវ​មាន​ភារៈ​នឹង​រក្សា​ផ្នែក​សន្តិសុខ ។ បន្ទាប់​មក​មេ​ចោរ​ក៏​ចេញ​បញ្ជា​ឲ្យ​ពួក​កូន​ចោរ​ប្រមូល​ឲ្យ​អស់​នូវ​របស់​ទ្រព្យ​ដែល​ពួក​គេ​យក​បាន​ទាំង​ប៉ុន្មាន​មក​ទុក​មួយ​កន្លែង ដោយ​ធ្វើ​ការ​កត់​ចំណាំ​រៀង​ៗ​ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​យក​អ្វី បាន​ប៉ុន្មាន​ៗ ។ លុះ​រៀប​រយ​រួច​រាល់​ស្រេច​បាច់​អស់​ហើយ មេ​ចោរ​ក៏​ប្រញាប់​ចាប់​ផ្ដើម​បើក​ការ​ប្រជុំ​មួយ ក្នុង​ចំណង​ដូច​ដែល​គេ​បាន​គ្រោង​ទុក​រួច​មក​ហើយ គឺ​គ្រាន់​តែ​ប្រកាស​ឲ្យ​ដឹង​អំពី​ហេតុ​អ្វី ទើប​បាន​ជា​ពួក​គេ​ត្រូវ​តែ​ចាប់​ខ្លួន​ព្រះ​មហាសុបក្សី និង​ញោម​ប្រុស​ញោម​ស្រី​របស់​ព្រះ​អង្គ ។ ប្រជាជន​ទាំង​អស់​ដែល​ពួក​ចោរ​កែន​ឲ្យ​មក​ចូល​រួម​នោះ ពួក​គេ​ពុំ​យល់​ពី​មូល​ហេតុ​ទេ ។ ម្នាក់​ចេះ​តែ​មាន​ការ​ងឿង​ឆ្ងល់ និង​កើត​ការ​សង្ស័យ ថា​មុខ​ជា​នឹង​កើត​មាន​រឿង​អភមង្គល​អ្វី​ផ្សេង​ជា​បន្ថែម​ពី​លើ​សោកនាកម្ម​ដែល​ទើប​នឹង​កន្លងទៅ​មិន​ទាន់​ផុត​ផង​នេះ​ផង មិន​លែង​ឡើយ ។ វេលា​អធ្រាត្រ​ទើប​តែ​កន្លង​ផុត​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ទេ ។ ព្រឹត្តិការ​អាក្រក់​បាន​ស្ងប់​សុរ​ទៅ​វិញ​ហើយ ថ្វី​បើ​វា​កំពុង​តែ​ស្ថិត​នៅ​ដក់​ជាប់​យ៉ាង​ខ្លាំង​ក្នុង​អារម្មណ៍​នៃ​ប្រជាករ​ទាំង​អស់​គ្នា​នៅ​ឡើយ​នោះ​ក៏​ដោយ ។ ម្នាក់​ៗ​ចាត់​ទុក​ថា​ព្រឹត្តិការណ៍​នេះ​ជា​វាសនា​អាក្រក់​មួយ ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​សោះ​ក្នុង​មួយ​ជីវិត របស់​គេ ។ ចាប់​ពី​ពេល​នេះ​ទៅ អ្វី​ៗ ត្រូវ​រលីង​ពី​ខ្លួន​អស់ ។ ការ​ស្ដាយ​ស្រណោះ​នូវ​ទ្រព្យ​របស់​ជា​កេរ​កោះ និង​ទ្រព្យ​របស់​ដែល​គេ​រក​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​គេ​ផ្ទាល់​នោះ មាន​ទំហំ​ធំ ធេង​ពន់​ពេក​ណាស់ រក​ពាក្យ​អ្វី​មក​ថ្លែង​មិន​បាន​ឡើយ ។ ប៉ុណ្ណឹង​ហើយ តើ​គេ​ត្រូវ​ជួប​នូវ​ភាព​ខាត​បង់​អ្វី​ទៀត​ទៅ? នៅ​នា​វេលា​យប់​ជ្រៅ​រំលង​អធ្រាត្រ​ទៅ​ហើយ​នោះ មេ​ចោរ​ក៏​ចាប់​ផ្ដើម​បំបែក​សភាព​ស្ងប់​ស្ងាត់ ដោយ​បន្លឺ​វាចា​នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ថាៈ

នែ​អស់​អ្នក​រាល់​គ្នា, សូម​ចាំ​ស្ដាប់​ខ្ញុំ​! ។ ខ្ញុំ​មាន​សំណូម​ពរ​មួយ​ចំនួន​ខ្ញុំ​ត្រូវ​ចោទ​សួរ​ចំពោះ​អស់​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ។ រួច​ហើយ​មេ​ចោរ​ក៏​ឧទ្ទាន​ពាក្យ​សំដី​យ៉ាង​ម៉ឺង​ម៉ាត់ ច្បាស់​ៗ​ដូច​ត​ទៅៈ

ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​លើក​ផែនការ​ថា​មក​ប្លន់​នៅ​ក្នុង​ស្រុក​ក្នុង​ភូមិ នេះ ដូច​អស់​អ្នក​រាល់​គ្នា​បាន​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ស្រាប់​ហើយ ។ មុន​នឹង​ពួក​យើង​ចាប់​ចេញ​ដំណើរ​មក ពួក​យើង​បាន​គិត​ទុក​រួច​ជា​ស្រេច​ហើយ​ថា ផែនការ​របស់​យើង​ច្បាស់​ជា​នឹង​ត្រូវ​ជួប​នូវ​ឧបសគ្គ​ពី​សំណាក់​អស់​អ្នក​រាល់​គ្នា ដោយ​ហេតុ​ថា អស់​អ្នក​រាល់​គ្នា ច្បាស់​ជា​នឹង​ត្រៀម​អាវុធ​គ្រប់​ដៃ​ដើម្បី​ត​តាំង​ជា​មួយ​ពួក​យើង ។ ពួក​យើង​ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​សារ​តែ​ការ​ពិភាល់​របស់​យើង វា​ពុំ​បាន​កើត​ឡើង​សោះ ។ កិច្ច​ប្រតិបត្តិ​ការ​របស់​ពួក​យើង ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​បំផុត គឺ​ស្រួល​ហួស​ពី​អ្វី​ដែល​ពួក​យើង​បាន​ស្មាន​ទុក​នោះ​ច្រើន​ណាស់ ។ ខ្ញុំ​សុំ​ឲ្យ​អស់​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ឲ្យ​ត្រង់​មក​មើល តើ​ប្រការ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​អ្នក​រាល់​គ្នា បែរ​មិន​មាន​ចាត់​វិធាន​ការ​ត្រៀម​ការ​ពារ ឬ​ត​តាំង​ប្រឆាំង​ជា​មួយ​ពួក​យើង​ខ្ញុំ ដូច្នេះ ?​”

សំណួរ​នេះ ហាក់​ដូច​ជា​មក​កន្ត្រាក់​ស្មារតី​របស់​ជន​រង​គ្រោះ​ទាំង​អស់ ឲ្យ​កាន់​តែ​កើត​មាន​ការ​សង្ស័យ​ថែម​ទ្វេ​ឡើង​ទៀត ។ អ្នក​រង​គ្រោះ​ម្នាក់​ៗ ឆ្ងល់​ណាស់​ថា បើ​ពួក​ចោរ​ទាំង​នេះ​វា​ប្លន់​យក​ទ្រព្យ​បាន​អស់​ហើយ ចុះ​ហេតុ​ម្ដេច​បាន​ជា​ពួក​វា​មិន​ប្រញាប់​ចេញ​ទៅ​វិញ​ឲ្យ​ឆាប់​ទៅ ? តើ​ពួក​វា​នៅ​មាន​ផែនការ​អ្វី​ជា​បន្ថែម​ទៅ​លើ​ការ​ខាង​បង់​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត ? ។ ប៉ុន្តែ​អ្វី​ដែល​ប្រជាករ​មាន​ការ​ព្រួយ​បារម្ភ​ជាង​គេ​នា​ពេល​នោះ គឺ​ការ​ចាប់​ខ្លួន​ព្រះ​មហាសុបក្សី​តាបស និង​ញោម​ប្រុស ញោម​ស្រី​របស់​ព្រះ​អង្គ ព្រម​ទាំង​ចាស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​ទៀត ។

ពេល​នោះ បុរស​ចំណាស់​ម្នាក់​ដែល​គេ​តែង​តែ​ចាត់​ទុក​គាត់​ជា​អ្នក​មុខ​អ្នក​ការ ជា​ព្រឹទ្ធាចារ្យ​ម្នាក់​ប្រចាំ​ភូមិ ដោយ​សារ​តែ​គាត់​ធ្លាប់​បាន​បួស​រៀន ហើយ​បាន​ទៅ​ជា​អ្នក​ចេះ​ដឹង​ជាង​គេ​ម្នាក់​ដែរ ក៏​បាន​ចេញ​មុខ​អះ​អាង​ជំនួស​គេ​ឯង ដើម្បី​ស្រាយ​បំភ្លឺ​ទៅ​នឹង​សំណួរ​របស់​មេ​ចោរ​នោះ​ថាៈ​យើង​ខ្ញុំ​ឲ្យ​ដឹង​សូម្បី​តែ​បន្តិច​ណា​នោះ ក៏​ឥត​មាន​ដែរ​ណា៎​លោក​ម្ចាស់​អើយ​!”

ជា​ចុង​ក្រោយ​បង្អស់ មេចោរ​នោះ​ក៏​សួរ​ទៅ​មាតាបិតា​របស់​ព្រះ​មហាសុបក្សី ក្នុង​ន័យ​ដូច​គ្នា ។ ជន​ជរា​ទាំង​ពី​រូប​ក៏​ឆ្លើយ​ប្រកែក​ដូច​អ្នក​មុន​ៗ​ដែរ ។ មេ​ចោរ ហាក់​ដូច​ជា​កើត​ការ​ចម្លែក​នៅ​ក្នុង​ចិត្ត​ពេក​ណាស់​ ។ ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ចំពោះ​មុខ​គេ​ក្នុង​ពេល​នេះ វា​ហាក់​ដូច​ជា​ការ​ស្រមើល​ស្រមៃ​របស់​គេ​ទៅ​វិញ ។ មេចោរ​កំពុង​តែ​មាន​អារម្មណ៍​មួយ​ថា ខ្លួន​គេ​ហាក់​ដូច​ជា​កំពុង​យល់​សប្ត ។ រឿង​នេះ​ដូច​ជា​រក​ឲ្យ​គេ​ជឿ​ផង​មិន​បាន​ទេ តែ​គឺ​ជា​ការ​ពិត​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ចំពោះ​មុខ​ភ្នែក​ស្រស់ ។ គេ​មាន​អារម្មណ៍​ថា មេរៀន​បែប​នេះ គឺ​ជា​បទ​ពិសោធន៍​មួយ​ដ៏​កម្រ​មាន​ណាស់ ហើយ​ក៏​ប្រហែល​ជា​មិន​មាន​អ្នក​ណា​អាច​មាន​វាសនា​និង​ជួប​ប្រទះ​ព្រឹត្តិការណ៍​បែប​នេះ​ទេ ។

មក​ដល់​ទី​នេះ មេ​ចោរ​ក៏​មាន​ ជំនឿ​ជាក់​ក្នុង​ចិត្ត​ឥត​មាន​សង្ស័យ​ត​ទៅ​ទៀត​ឡើយ ថា​ពាក្យ​ពេចន៍​ដែល​គេ​បាន​ស្ដាប់​កន្លង​មក​អម្បាញ់​មិញ​នេះ ទាំង​ប៉ុន្មាន​គឺ​ប្រាកដ​ជា​ឧទ្ទាន​ចេញ​មក​ពី​ទឹក​ចិត្ត​ដ៏​សែន​ស្មោះ​សរ​មែន ។ ប៉ុន្តែ​ដើម្បី​ជម្រះ​មន្ទិល ឲ្យ​ជ្រះ​ស្រឡះ​អស់​ពី​ក្នុង​សតិអារម្មណ៍​របស់ គេ មេចោរ​ក៏​និយាយ​ទៅ​កាន់ ព្រះ​មហាសុបក្សី​ម្ដង​ទៀត ។ លើក​នេះ មេចោរ​បាន​ប្រែ​សំដី ពីភាព​ក្រអឺត​ក្រទម​មុត​ៗ ខ្លាំង​ៗ មក​ជា​ការ​ប្រើ​សំដី​ថ្នម កាន់​កិរិយា​គួរ​សម​បន្តិច​វិញ​ថាៈ

ឥឡូវ​ខ្ញុំ​សុំ​ព្រះ​ស្ដែង​មេត្តា​បំភ្លឺ​នូវ​ករណី​អស់​ទាំង​នេះ​ម្ដង ដើម្បី​ឲ្យ​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​យល់ បាន​ជ្រួត​ជ្រាប​ឲ្យ​សព្វ​សេចក្ដី​មក​មើល ថា​តើ​ព្រះ​អង្គ​ពិត​ជា​ឥត​មាន​ប្រាប់​ពី​ឧបទ្ទវហេតុ​នា​វេលា​យប់​មិញ​នេះ ឲ្យ​បង​ប្អូន​យើង​ដឹង​ជា​មុន​មែន​ឬ? បើ​ពិត​ដូច្នេះ​មែន បាន​ន័យ​ជា​ប្រាកដ​ថា ព្រះ​ស្ដែង​បាន​គោរព​ពាក្យ​សន្យា ដែល​យើង​បាន​ធ្វើ​ជា​មួយ​គ្នា​នោះ ។ ព្រឹត្តិការណ៍​ដែល​ទើប​តែ​នឹង​កន្លង​មិន​ទាន់​ផុត​ទៅ​ផង​នេះ ក៏​វា​បង្ហាញ​ឲ្យ​ពួក​យើង​ខ្ញុំ​យល់​រួច​ជា​ស្រេច​ទៅ​ហើយ ។ ប៉ុន្តែ​ពួក​យើង​ខ្ញុំ​ចង់​សុំ​ឲ្យ​ព្រះ​ស្ដែង​មេត្តា​ជួយ​បញ្ជាក់​ប្រាប់​យើង​ខ្ញុំ​ថែម​ទៀត​មក​មើល ជា​ការ​ដែល​ព្រះ​ស្ដែង​មិន​ហ៊ាន​ក្បត់​ពាក្យ​សន្យា​ជា​មួយ​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នេះ តើ​ដោយ​សារ​តែ​ព្រះ​ស្ដែង​ខ្លាច​ពួក​យើង​ខ្ញុំ​ចាប់​ព្រះ​ស្ដែង​យក​ទៅ​សម្លាប់ ព្រម​ជា​មួយ​នឹង​ញោម​ប្រុស​ញោម​ស្រី​របស់​ព្រះ​ស្ដែង​ផង ឬ​មួយ​ក៏​ដោយ​សារ​មូល​ហេតុ​អ្វី​ផ្សេង​ពី​នេះ​ទៀត?

ព្រះ​មហាសុបក្សី ទ្រង់​មាន​ពុទ្ធដីកា​តប​ទៅ​មេ​ចោរ​នោះ​វិញ​ថាៈ

អាត្មា​ជា​អ្នក​បួស ជា​អ្នក​កាន់​សីល កាន់​សច្ចធម៌ ។ ក្នុង​មួយ​ជីវិត​របស់​អាត្មា​នេះ អាត្មា​មិន​ដែល​ហ៊ាន​ហើយ​ក៏​មិន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អ្វី​ឲ្យ​ខុស​ពី​គន្លងធម៌​ទេ ។ ដូច​ជា សច្ចធម៌​នេះ​ជា​ដើម អាត្មា​បាន​កាន់ បាន​រក្សា​យ៉ាង​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ខ្លួន ក្នុង​ស្មារតី​របស់​អាត្មា​ជា​និច្ច ដូច​ជា​កុសល​ធម៌​ឯ​ទៀត​ដែរ ។ យ៉ាង​ណា​មិញ​ពាក្យ​សន្យា​ដែល​អាត្មា​បាន​យល់​ព្រម បាន​ធ្វើ​សច្ចា​ជា​មួយ​លោក​នាយ​រួច​មក​ហើយ​នោះ អាត្មា​មិន​អាច​ក្បត់​បានទេ ។ អាត្មា​ត្រូវ​តែ​តាំង​ចិត្ត តាំង​ស្មារតី គោរព​ចំពោះ​ពាក្យ​សន្យា​នោះ​ឲ្យ​បាន ព្រោះ​ថា នរជន​ណា​ដែល​បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ ថា​ខ្លួន​ពិត​ជា​សុខ​ចិត្ត​សុខ​កាយ​គោរព​ពាក្យ​សន្យា គោរព​គោលការណ៍ ឬ​គោរព​ច្បាប់​ដែល​បាន​ដាក់​ចេញ​មក​ជា​មួយ​គ្នា ប៉ុន្តែ គេ​បែរ​ជា​មិន​បាន​គោរព ឬ​មិន​ព្រម​គោរព​ទៅ​វិញ នរជន​នោះ បើ​ស្លាប់​ទៅ​វិញ​ទៅ ទើប​វា​ប្រសើរ​ជាង ។ នរជន​នោះ បើ​ទោះ​បី​ជា​នៅ​រស់ ក៏​គឺ​រស់​បាន​ត្រឹម​តែ​រូប​រាង​ប៉ុណ្ណោះ​ឯង ពោល​គឺ នរជន​នោះ​លែង​អាច​ទទួល​បាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ត​ទៅ​ទៀត​ហើយ គឺ​គេ​ត្រូវ​តែ​បាត់​បង់​អស់​នូវ​ខ្លឹម​សារ​ជា​មនុស្ស​អ្នក​មាន​ចិត្ត​ក្លាហាន អ្នក​មាន​កិត្តិយស ព្រម​ទាំង​ត្រូវ​បាត់​បង់​អស់​នូវ​ការ​ទុក​ចិត្ត​ទុក​ថ្លើម និង​សេចក្ដី​គោរព​ពី​ជនានុជន​ទាំង​ឡាយ ។ ជន​នោះ បើ​ទោះ​បី​ជា​រស់​នៅ ត​ទៅ​ទៀត គឺ​គេ​ត្រូវ​តែ​ខ្មាស​សង្គម​ជាតិ និង​ខ្មាស​ខ្លួន​ឯង​ផង ជា​រៀង​រហូត​គឺ​រហូត

(នៅ​មាន​ត)

1ច្បាប់​ក្នុង​សាស្ត្រា​ស្លឹក​រឹត​ថា អាពុក

2ច្បាប់​ក្នុង​សាស្ត្រា​ស្លឹក​រឹត​ថា ឈើ​ត្រង់

កម្ពុជសុរិយា ឆ្នាំ១៩៩៩

Posted in កំណាព្យ, ស្នាដៃ, អក្សរសាស្រ្តខ្មែរ, អក្សរសិល្ប៍ខ្មែរ

តណក់ទឹកភ្លៀង

តំណក់ទឹកភ្លៀង

(បទកាកគតិ)

ភ្លៀងស្រក់តក់ៗ             រលឹមស្រក់ៗ          ព្រលឹមស្រាងៗ

កសិករប្រៀបប្រុង          ចិត្តក្នុងទាំងខាង      អាហារជាតាង

           ឃ្មាតខ្មីឆ្ពោះទៅ។

រលឹមរសាយ              ចិត្តអរសប្បាយ      នឹងស្រែឋិតនៅ

          រៀបចំបង្ក               នាំកផលនូវ            គ្រប់ស្រែផ្ដល់ស្រូវ

     ចិញ្ចឹមអាត្មា។

រូបភាព

សំ អេងលាង ឆ្នាំ២០១២

Posted in សាស្រ្តាល្បែង, អក្សរសិល្ប៍ខ្មែរ

ហង្សយន្ត

រឿងហង្សយន្ត HANG YON

ក្នុងកាលដ៏កន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គ ព្រះនាមអាទិត្យវង្សា អគ្គមហេសីព្រះនាមពិម្ពា ជស្ដេចមាន​អានុភាពជាងស្ដេចទាំង១០១ មានព្រះស្នំ៦ពាន់ តែងគាល់បម្រើ សោយរាជ្យនៅក្រុងទេបុរី។ ព្រះស្នំទាំង៦ពាន់នាក់​សឹងពុំមានបុត្រាមួយសោះ។ ពួកសេវកាមាត្យ ស្លាចសូន្យព្រះនរគរ ក៏ក្រាបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ព្រះនគរយើង បើឥតពីព្រះអង្គទៅ នឹងពុំមានក្សត្រណាមួយសោយរាជ្យតទៅឡើយ”។ ព្រះរាជា ទ្រង់ត្រាស់បង្គាប់​ព្រះនាង​ពិម្ពាព្រះអគ្គមហេសី ឱ្យប្រដាប់ផ្កាភ្ញីបូជាពួកទេវតា ឱ្យទាន ចាំសីល អធិដ្ឋាន​សូមព្រះរាជបុត្រាមួយ​ព្រះអង្គ។ ព្រះនាង ក៏ទ្រង់ធ្វើតាមព្រះរាជបញ្ជា។ ដោយអំណាចបុណ្យបារមីនៃ​ព្រះនាង ក៏កក្រើកទៅដល់អាសនា​នៃសក្កទេវរាជៗ ទ្រង់បើកទិព្វចក្ខុមើលហេតុសព្វគ្រប់ ទ្រង់អារាធនាព្រះបរមពោធិសត្វ ដែលជាទេវបុត្រមួយ​ព្រះអង្គ ឱ្យចុះមក​ចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងពិម្ពា។ លុះព្រះគភ៌គ្រប់១០ខែហើយ ក៏ប្រសូត្រព្រះរាជបុត្រ១ព្រះអង្គ មានសម្បុរ​ដូចមាស។ ពួកព្រាហ្មណ៍ថ្វាយព្រះនាមថា “ព្រះសុវណ្ណកុមារ”។ លុះមានព្រះជន្ម១៦វស្សា ព្រះវររាជបិតាទ្រង់​ឱ្យនាំព្រះរាជធីតានៃស្ដេចទាំង១០១មកថ្វាយ តែព្រះរាជកុមារ ពុំសព្វព្រហរាជហឫទ័យសោះ ទ្រង់ទូល​ព្រះវររាជបិតាថា នឹងស្វែងរកព្រះអគ្គមហេសីផ្ទាល់ព្រះអង្គ។……. (នៅមានត)

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអារ្យធម៌ខ្មែរ ១៩៨៤ ហង្សយន្ត។